ធនាគារជាតិនៃកម្ពុជាអំពាវនាវជាថ្មីឱ្យពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១២ខែកក្កដានេះតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ បានរំលឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជានិងចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។
ការក្រើនរំលឹកជាថ្មីនេះដោយសារតែធនាគារបានមើលឃើញថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួនបីនាក់បញ្ជូនទៅតុលាការ ដោយក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់នេះ ពុំមានអាជ្ញាបណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដែលបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។
ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ៖ «ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។ ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា»។
បើតាមធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មទាំងនោះ រួមមាន ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ, គ្រឹះ ស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ។ គ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយផ្លូវច្បាប់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដាថា ជាធម្មតានៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ទាំងធនាគារជាតិ និងសមាគម មានច្បាប់ ក៏ដូចជាបញ្ញត្តិច្រើន ដែលតម្រូវឱ្យស្ថាប័នទាំងនេះត្រូវតែគោរពនិងអនុលោមតាម ដោយលក្ខខណ្ឌ និងនីតិវិធីទាំងអស់នោះ មានគោលបំណងដើម្បីធានាឥណទានដែលពលរដ្ឋទទួលបាន អាចជួយការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់គាត់ និងសុខមាលភាពហិរញ្ញវត្ថុរបស់អតិថិជននិងគ្រឹះស្ថានផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា ៖ «ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា កម្ចីក្រៅផ្លូវការនេះ ហាក់មានការថយចុះបន្តិចទៅហើយស្របពេលដែលកម្ចីផ្លូវការ មានសេវារីកលូតលាស់និងទូលំទូលាយ ជាពិសេសកម្ចីផ្លូវការមានអត្រាការប្រាក់ទាបជាងកម្ចីក្រៅផ្លូវការច្រើនដែរ»។
ចំណែក លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ការជ្រើសរើសប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការរបស់ប្រជាពលរដ្ឋកម្ពុជាដោយសារគាត់គ្មានជម្រើស។គ្មានជម្រើសដោយសារខ្ចីធនាគារមិនបាន ព្រោះទីមួយគាត់គ្មានចំណូល,ទីពីរ មុខរបរមិននឹងនរ មិនច្បាស់លាស់ ឬមិនបានចុះបញ្ជីជាដើម ខណៈដែលខាងធនាគារ និងមីក្រូហិរញ្ញវត្ថុមានតម្រូវការចាំបាច់លើឯកសារបញ្ជាក់ពីចំណូលនេះ។
លោកថ្លែងថា ៖ «យើងមានបណ្តាញសង្គមច្រើនជាដូចជាហ្វេសប៊ុក តិកតុក ជាដើម ។ ចូរផលិតវីដេអូ ដែលបង្ហាញពីផលវិបាកនៃការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដើម្បីឱ្យពលរដ្ឋបានយល់ដឹងកាន់តែច្រើន ព្រោះថាពលរដ្ឋវីដេអូអប់រំ ឬនិយាយពីច្បាប់ មិនសូវចូលចិត្តមើលទេ»។
យោងតាមស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែកក្កដា បានឱ្យដឹងថាសមត្ថកិច្ចកំពុងបន្តស្វែងរកមេខ្លោង និងបក្ខពួកផ្តល់សេវាកម្ចីអនឡាញខុសច្បាប់នៅកម្ពុជា ខណៈជនសង្ស័យមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ វណ្ណ សុជាតា