អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុនឹងសាងសង់រួចទាំងស្រុងនាចុងខែកក្កដានេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានតម្លៃ ២០លានដុល្លារអាមេរិក សម្រេចបាន ៩៨ភាគរយហើយ ខណៈគម្រោងនេះនឹងបញ្ចប់ដំណើរការសាងសង់ទាំងស្រុងនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដូចនេះ នាឱកាសលោកចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់ កាលរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣។

តាមរយៈរដ្ឋបាលខេត្តព្រះសីហនុតំណាងក្រុមហ៊ុន X.WATER ដែលជាក្រុមហ៊ុនសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូនតាមផែនការគ្រោងទុក។ បើគិតមកដល់ពេលនេះ ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ សម្រេចបាន ៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដាខាងមុខនេះ។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ៖ «បច្ចុប្បន្នក្រុមការងារបច្ចេកក្រុមហ៊ុន កំពុងនឹងរៀបចំធ្វើតេស្តសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ ដែលអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះដែរ គឺវាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ ២០ ០០០ម៉ែត្រគូប»។

ឯកឧត្តម គួច ចំរើន បានលើកឡើងដែរថា ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះគឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដោយសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣។

ឯកឧត្តមបន្តថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ឯកឧត្តម គួច ចំរើន បានបន្តថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្ម ក៏ដើម្បីកាត់បន្ថយការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ មានដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តជាប់មាត់សមុទ្រដ៏ធំមួយនៃប្រទេសកម្ពុជា បានសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ។ក្នុងនោះ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ដោយឡែកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២វិញមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧ ២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ស្ថានីយទឹកកខ្វក់ទី១ និងទី២ ខាងលើ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ចំណែកឯស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ គឺកំពុងសាងសង់ដោយសម្រេចបាន ៩៨ភាគរយ។

សូមបញ្ជាក់ដែរថា ក្រៅពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងបីនេះដែរ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)៕ ដោយ៖ បូរពេជ្រហ្សាលីន

ads banner