ឆមាសទី១ឆ្នាំនេះ៖ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជានិងវៀតណាមសម្រេចបានក្នុងទឹកប្រាក់ជាង ៣ ៣០២ លានដុល្លារ
ភ្នំពេញ៖ របាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដាបានបញ្ជាក់ថា ការដោះដូរទំនិញរបស់កម្ពុជា ជាមួយនឹងប្រទេសវៀតណាម ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំ ទឹកប្រាក់ជាង ៣ ៣០២ លានដុល្លារ កើនឡើង១,៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ បានបង្ហាញទៀតថា ការនាំចូលរបស់វៀតណាម មកកាន់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ ១ ៨៧២ លានដុល្លារ ថយចុះជាង១០ភាគរយ ខណៈដែលការនាំចេញវៀតណាមវិញ មានទំហំទឹកប្រាក់ ជាង១៤២៩ លានដុល្លារ កើនឡើងជិត ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
បើក្រឡេកទៅមើលរបាយការណ៍នាំចេញផលិតកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ បានបង្ហាញថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញផលិតកសិកម្មជាង៤០មុខ ទៅកាន់វៀតណាម ដែលក្នុងនោះមានដូចជា៖ ស្រូវ, ដំឡូងមីស្រស់, គ្រាប់ស្វាយចន្ទីឆៅ, ចំណិតដំឡូងមីក្រៀម, ផ្លែស្វាយស្រស់, គ្រាប់ពោត, ស្នូលពោត, ផ្លែចេកស្រស់, សណ្តែកសៀង, ឈើកៅស៊ូកែច្នៃ, ឈើសម្រាប់ធ្វើអុស, គ្រាប់ឈូក, សណ្ដែកបាយ, ឈើកែច្នៃ, ស្វាយចន្ទី, ម្រេច, ជ័រកៅស៊ូ, កាកសំណល់ដំឡូងមី,ល្ង, ថ្នាំជក់, ឈើអាកាស្យា, ចំណិតសាច់ត្នោតក្រៀម, ម្សៅអង្ករ,ផ្លែ ម្នាស់ស្រស់ , ឈើអម្ពិលបារាំង, ឈើខ្នុរៗ, គ្រាប់សំរង និងកាកស្រាបៀរ ជាដើម។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ជាពិសេសការនាំចេញទៅវៀតណាមកើនឡើងជិត២២ភាគរយនេះ អាស្រ័យលើកត្តាបីយ៉ាង។កត្តាទីមួយគឺ ព្រំដែនជាប់គ្នា ដោយសារតែប្រទេសទាំងពីរមានព្រំប្រទល់ជាប់គ្នា ធ្វើឱ្យការដឹកជញ្ជូនមានលក្ខណៈងាយស្រួល, ទីពីរ ការកែច្នៃរបស់វៀតណាម មានការកើនឡើង ដូច្នេះប្រទេសនេះមានតម្រូវការវត្ថុធាតុដើមពីយើងច្រើន ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូងមី ពោតជាដើម យកទៅកែច្នៃសម្រាប់នាំចេញ និងទីបី វៀតណាម ទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ដូច្នេះហើយគាត់ត្រូវទំនិញដែលជាវត្ថុធាតុដើមពីយើងច្រើនណាស់ ដើម្បីយកទៅកែច្នៃ ហើយនាំចេញទៅអឺរ៉ុប»។
ទោះជាយ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា និងវៀតណាម មិនមានភាពខុសគ្នាឆ្ងាយពេកនោះទេ មានន័យថា តម្រូវការនៃប្រជាជនប្រទេសទាំងពីរគឺមានប្រហាក់ប្រហែលគ្នា។ ក្នុងនោះកម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាម ហើយនាំចូលពីខាងវៀតណាមមកវិញនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលបានកែច្នៃរួច និង សម្ភារៈប្រើប្រាស់នានាពីវៀតណាមមកវិញដែរ។
ចំណែក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា កត្តាភូមិសាស្រ្តរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងកាទូតយ៉ាងជិតស្និទ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្ត។
លោកបានបញ្ជាក់ថា វៀតណាម ជាប្រទេសដែលមានការអភិវឌ្ឍមុនប្រទេសយើង។ មានប្រជាជនច្រើនជាង និងមានទីផ្សារផលិតផលក្រៅប្រទេសមុនយើង។ ប៉ុន្តែយើងឃើញការនាំចេញទៅវៀតណាមហាក់មានកំណើនច្រើនគួរឱ្យកត់សម្គាល់។ ការនេះជំរុញឱ្យយើងមានការផលិតផលិតផលកសិកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ប៉ុន្តែការកែច្នៃផលិតផលវត្ថុធាតុក្នុងស្រុក ក៏ត្រូវជំរុញផងដែរ ដើម្បីទទួលបានតម្លៃបន្ថែម។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយវៀតណាម ក្នុងទំហំទឹកប្រាក់ ជាង ៦ ១៣៥លានដុល្លារ កើនឡើង ជិត២០ភាគរយ។ ក្នុងនោះកម្ពុជានាំទៅវៀតណាម សម្រេចបានជាង២១៦៨លានដុល្លារ កើនជិត១០ភាគរយ ខណៈនាំចូលពីវៀតណាមមកវិញ សម្រេចបានជាង៣ ៩៦៧លានដុល្លារ កើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១៕ ដោយ៖ វណ្ណ សុជាតា