អាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក ដើម្បីការពារបណ្ណសារទាំងនោះឱ្យបានយូរអង្វែងតទៅមុខទៀត ជាពិសេសវាក៏ជួយដល់នាយកដ្ឋានតាមជំនាញទាំងអស់ក្នុងការទាញយកឯកសារមកប្រើប្រាស់ផងដែរ។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដានេះថាឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារនិងថ្នាក់ដឹកនាំបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង «ការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍» ជាមួយលោក អាន់ដ្រេ ហេនឌ័រសុន(Andrew Henderson) អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងគម្រោងនេះបានពិភាក្សាគ្នាពីការបង្កើតប្រព័ន្ធគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ ក៏បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង ប្លង់ រូបថត វីដេអូឯកសារ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។

ឯកឧត្តម គង់ ពុទ្ធិការ បានប្រាប់ឱ្យដឹងថា គម្រោងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោកនេះ ដោយសារអាជ្ញាធរជាតិព្រះវិហារចង់ប្រមូលផ្តុំឱ្យគ្រប់ឯកសារពាក់ព័ន្ធទាំងអស់ចូលទៅក្នុងប្រព័ន្ធមួយដែលអាជ្ញាធរជាតិព្រះវិហារអាចរក្សាបាននូវទិន្នន័យទាំងនោះ។ បន្ថែមពីនេះ គ្រប់នាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិព្រះវិហារ ក៏អាចចូលទៅយក ឫប្រើប្រាស់ឯកសារទាំងនោះបានដែរ។

លោកអះអាងថា ការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារនេះ នឹងផ្ដល់ភាពងាយស្រួលសម្រាប់នាយកដ្ឋានក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសគឺអាចមើលឃើញទិន្នន័យទាំងអស់នៅតំបន់បេតិកភណ្ឌពិភពលោក ខណៈលោកថាកន្លងមកការគ្រប់គ្រងបណ្ណសារ គឺមានការគ្រប់គ្រងតាមនាយកដ្ឋាននីមួយៗ។ នាយកដ្ឋាននីមួយៗនោះរួមមាន នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ
បណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចជាដើម។ លោកថា៖«ដូច្នេះអាជ្ញាធរជាតិព្រះវិហារមិនមានប្រព័ន្ធគ្រប់គ្រងបណ្ណសាររួមនោះទេ។ ហេតុនេះទាំងឯកសាររអាចចម្លងបាន និងទាំងឯកសារដែលមិនអាចចម្លងបាននៅតាមនាយកដ្ឋាននីមួយៗ ប្រសិនជានាយកដ្ឋានផ្សេងៗចង់ប្រើប្រាស់ឯកសារអ្វីមួយ គឺទាល់តែធ្វើការទាក់ទងទៅនាយកដ្ឋានជំនាញនោះទើបពួកគាត់អាចស្វែងរកឯកសារជំនាញនោះផ្ដល់ជូនបាន»។

«ប្រសិនជាមានបញ្ហាអី ឯកសារទាំងអស់ហ្នឹង ក៏យើងពិបាកក្នុងការថែរក្សា ពិបាកក្នុងការទុកដាក់ ហើយដើម្បីរក្សាឱ្យមានភាពយូរអង្វែងបានជាយើងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារឡើង ដោយសហការជាមួយអង្គការយូណេស្កូ ដើម្បីយកឯកសារចាស់ៗរបស់យើងតាំងពីដើមរហូតមកទាំងអស់ ដោយស្កេនវាទៅជាឯកសារចម្លង ហើយយើងដាក់វាទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយរួម។ ចំពោះឯកសារដែលមិនអាចចម្លងបាន គឺរៀបចំវាដាក់ទៅក្នុងប្រព័ន្ធគ្រប់គ្រងរួមផងដែរ ដោយតាមរបៀបតម្លើងឯកសារនៅពេលមានតម្រូវការប្រើប្រាស់»។ នេះបើតាមឯកឧត្តម គង់ ពុទ្ធិការ បញ្ជាក់បន្ថែម។

លើសពីនេះទៀតឯកឧត្តមថា ការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសាររួមនេះ វាផ្ដល់សារៈសំខាន់ច្រើនសម្រាប់អាជ្ញាធរជាតិព្រះវិហារ ក្នុងកាលដែលអាចជួយថែរក្សាឯកសារទាំងអស់នោះបានយូរអង្វែងតទៅមុខទៀត។ ឯកសារទាំងនោះរួមមាន របាយការណ៍ លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិព្រះវិហារក្នុងការអភិរក្សនៅតំបន់បេតិកភណ្ឌពិភពលោកទាំងការសរសេរដោយដៃ និងការសរសេរដោយកុំព្យូទ័រ ហើយវាក៏មានជាប្រភេទជារូបភាពចាស់ៗ កាលពីសម័យមុន ដែលទាក់ទងនឹងទិដ្ឋភាពនានានៅតំបន់ប្រាសាទព្រះវិហារដើម្បីយកមករក្សាទុកផងដែរ។

ឯកឧត្តម គង់ ពុទ្ធិការ បញ្ជាក់ទៀតថា ៖«សារៈសំខាន់មួយទៀត ប្រព័ន្ធគ្រប់គ្រងឯកសាររួមនេះ វាក៏អាចជួយបញ្ជូលឯកសារថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣ ឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥តទៅមុខ ដើម្បីជាការរក្សាឯកសារសម្រាប់អ្នកក្រោយៗទៀតបានប្រើប្រាស់»៕ ដោយ៖ ជា សុខនី

ads banner