ការនាំចេញចេកស្រស់ទៅក្រៅប្រទេសថយចុះ ក្នុងឆមាសទី១ ឆ្នាំ២០២៣
ភ្នំពេញ៖ មន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឱ្យដឹងថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសក្នុងរយៈពេលប្រាំមួយខែឆ្នាំ២០២៣នេះសម្រេចបានក្នុងបរិមាណ ១៦៥ ៥៥២,៩៥តោន។ចំនួននេះថយចុះ ២៤,៤ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ការនាំចេញផលិតផលដំណាំមួយចំនួន ដូចជា ចេកជាដើម មានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។

កញ្ញាបានបញ្ជាក់ថា ៖ «ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្ដែមិនប ណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិត ឬមានបញ្ហាចាល់លក់មិនអស់នោះឡើយ។ ក្រសួងក៏បានជំរុញវិស័យឯកជនស្វែងរកដៃគូរបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់ ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញការនាំចេញផលិតផលកែច្នៃ»។

បើតាមកញ្ញា អ៊ឹម រចនា ចេកស្រស់របស់កម្ពុជាជាង៩០ ភាគរយត្រូវបាននាំទៅទីផ្សារប្រទេសចិន ព្រោះថាប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី និងស្វាយផងដែរ។
កញ្ញាបានបន្តថា ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាកសិករដែលបាននិងកំពុងដាំដុះដំណាំសក្តានុពលនៅទូទាំងប្រទេសកម្ពុជា។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនឡងម៉េត ដែលបានធ្វើការដាំដុះចេករាប់ពាន់សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានប្រាប់ឱ្យដឹងដែរថា កាលពីដើមឆ្នាំ២០២៣នេះ ការនាំចេញចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ ហាក់មានភាពប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
លោកបន្តថា ដោយសារតែប្រទេសចិន ដែលជាទីផ្សារធំ លែងមានការបិទខ្ទប់ មានតម្រូវការច្រើន និងការដឹកជញ្ជូនចាប់ ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ ប៉ុន្តែចូលដល់ពាក់កណ្តាលឆ្នាំនេះ ស្ថានភាពហាក់មិនសូវល្អវិញ។
លោក ហ៊ុន ឡាក់ បានបន្ថែមថា ការថយចុះនៃការនាំចេញស្រស់នៅឆមាសទី១នេះ ដោយសារតែការដាំដុះរបស់កសិករនៅតំបន់ភាគខាងកើតប្រទេសកម្ពុជា មានបញ្ហាដោយសារអាកាសធាតុ។ចំណែកតម្លៃចេកស្រស់នៅលើទីផ្សារក៏មិនសូវល្អដែរ។
លោកមានប្រសាសន៍ថា ៖ «សម្រាប់ផលិតចេកស្រស់របស់កម្ពុជានាពេលថ្មីៗមានបញ្ហាច្រើនដោយសារបញ្ហាអាកាសធាតុ ធ្វើឱ្យកសិករយើងខ្លះបោះបង់ចោល ហើយតម្លៃចេកស្រស់នៅលើទីផ្សារក៏ធ្លាក់ចុះដែរ។ ការធ្លាក់តម្លៃចេកនេះ គឺធ្លាក់ចុះជាសកល ដូចយើងហើយថា មិនត្រឹមតែចេកទេ ទំនិញផ្សេងៗក៏ធ្លាក់ចុះទាំងតម្លៃ និងការបញ្ជាទិញ ដោយសារតែវិបត្តិសកល អតិផរណា សង្រ្គាមរុស្សីនិងអ៊ុយក្រែនផង និងបញ្ហាផ្សេងមួយចំនួនទៀតផងដែរ»។
បើតាមលោក ហ៊ុន ឡាក់ ការនាំចេញចេកស្រស់ នៅឆមាសទី២នាពេលខាងមុខនេះ អាចនឹងមានភាពល្អប្រសើរឡើងវិញ ដោយសារចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា អាចនឹងមានតម្រូវការច្រើនឡើងវិញ ដែលស្របនឹងបញ្ហាប្រែប្រួលអាកាសធាតុត្រូវបានដោះស្រាយផងដែរ៕ ដោយ៖ វណ្ណ សុជាតា