ឆមាសទីឆ្នាំនេះ ករណីអគ្គិភ័យបានកើតឡើង៥១៦លើក បណ្តាលឱ្យមនុស្ស៤១នាក់បាត់បង់ជីវិត
ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ ករណីអគ្គិភ័យបានកើតឡើង៥១៦លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើងចំនួន១៤៤លើក និងបណ្តាលឱ្យមនុស្សចំនួន៤១នាក់បាត់បង់ជីវិតកើនឡើង២៩នាក់ ។ហេតុការណ៍នេះក៏បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ នេះបើតាមប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត វន្ថា។

នៅក្នុងពិធីបើកការធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅផ្សារទំនើបអ៊ីអន១ ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែកក្កដា លោក នេត វន្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការធ្វើលំហាត់សមយុទ្ធថា មូលហេតុនៃគ្រោះអគ្គិភ័យ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ប្រើប្រាស់ភ្លើង និងកត្ដាផ្សេងទៀត។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីវិធានផ្សេងៗរបស់នាយកដ្ឋាន ដើម្បីបង្ការអគ្គិភ័យ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចេះរបៀបពន្លត់បឋម នៅពេលមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង មុនទំនាក់ទំនងមកនាយកដ្ឋាន តាមលេខទូរស័ព្ទ១១៧ ដោយគិតឥតថ្លៃ ២៤ម៉ោង ក្នុងមួយសប្តាហ៍។

លោកថា ៖ «ការធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឱ្យបុគ្គលិកនៅក្នុងផ្សារ ទំនើបអ៊ីអន១ ចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួន ជាមួយភ្ញៀវចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ច។ លំហាត់សមយុទ្ធក្នុងឱកាសនោះផ្តោតលើ ការប្រកាសអាសន្នជម្លៀសខ្លួន ការសង្គ្រោះជនដែលរងគ្រោះ និងការពន្លត់អគ្គិភ័យ»។
ឆ្លងកាត់សមយុទ្ធនេះ លោក នេត វន្ថា បានមើលឃើញថា ប្រតិបត្តិការរបស់បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមានជំនាញច្បាស់លាស់ ខណៈលោករំពឹងថា ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង បុគ្គលិកក្នុងផ្សារទំនើបរបស់ជប៉ុនមួយនេះ អាចមានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯង រួមជាមួយភ្ញៀវរបស់ខ្លួនបាន ហើយក្នុងករណីតូចតាចក៏មានគ្រប់គ្រងបាន និងធ្វើឱ្យរីករាលដាលផងដែរ។

ជាមួយគ្នានេះ លោក នេត វន្ថា បានសំណូមពរដល់ម្ចាស់ផ្សារទំនើបនានា សហគ្រាស គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិករបស់ខ្លួន អំពីវិធានការសង្គ្រោះបឋម ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ។
លោកបានកត់សម្គាល់ទៀតថា ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង ដែលការធ្វើសមយុទ្ធនេះបានចំនួន ១២លើកហើយ។
លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៊ីអន ក៏បានឱ្យដឹងដែរថា ក្រៅពីការបញ្ជ្រាបការយល់ដឹងដល់បុគ្គលិក ដែលធ្វើការនៅក្នុងផ្សារហើយនោះ គោលដៅមួយទៀត គឺដើម្បីគោរពតាមច្បាប់របស់កម្ពុជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងដែលមានជាធរមាន សំដៅបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។ មួយវិញទៀត ក៏ជាការបង្កើននូវទំនុកចិត្តជូនអតិថិជនដែលចូលមកផ្សារទំនើបអ៊ីអន ផ្ទាល់តែម្ដង។
តាងនាមផ្សារទំនើបអ៊ីអនខេមបូឌា លោក ជូ សុវណ្ណារ៉ា បានថ្លែងអំណរគុណ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ក៏ដូចជាផ្ដល់កិច្ចសហការជាមួយផ្សារទំនើបអ៊ីអន ក្នុងការធ្វើសមយុទ្ធពន្លត់អគ្គិភ័យដែលមានសារៈសំខាន់ ខណៈលោករំពឹងថាក្រោយធ្វើសមយុទ្ធ បុគ្គលិកផ្សារ គឺមានការយល់ដឹងខ្ពស់អំពីវិធានការនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ។
ជុំវិញបញ្ហានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាពបានប្រាប់ថា បញ្ហាអគ្គិភ័យ គឺជារឿងមួយដែលត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ខណៈរដូវក្តៅងាយនឹងទទួលរងនូវការឆាប់ឆេះលឿនតាមរយៈការប្រើប្រាស់ហ្គាសលេច ធ្លុះធ្លាយ ព្រមទាំងការតខ្សែភ្លើងទៀតសោត មិនបានល្អ និងមិនមានបច្ចេកទេសត្រឹមត្រូវនៅក្នុងតំបន់មួយចំនួន។
បញ្ហាទាំងអស់នេះលោកបានស្នើក៏ដូចជាជំរុញទៅកាន់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែមានការត្រួតពិនិត្យឱ្យបានទៀងទាត់ ជាពិសេសការតភ្ជាប់បណ្តាញខ្សែភ្លើងរៀបចំឱ្យបានល្អ និងសមរម្យឡើងវិញ។ ចំពោះការស្លាប់មនុស្សនៅក្នុងករណីអគ្គិភ័យនេះ លោកចាត់ទុកថា គឺជាសោកនាថកម្មមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា ខណៈតំបន់ខ្លះ ដែលមានករណីអគ្គិភ័យឆាប់ឆេះ ក៏មិនអាចបើករថយន្តអគ្គិភ័យចូលទៅពន្លត់ទាន់ជាដើម៕ ដោយ៖ គឹម យុត្ថារ៉ូ