ក្រសួងទេសចរណ៍ ស្នើប្រតិបត្តិករទេសចរណ៍ចូលរួមបង្កលក្ខណៈងាយស្រួលឱ្យបុគ្គលិកទៅចូលរួមបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ឱ្យចូលរួមបង្កលក្ខណៈងាយស្រួលក្នុងការអនុញ្ញាតឱ្យបុគ្គលិកនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ខែកក្កដា ។
តាមរយៈលិខិតអំពាវនាវ ឯកឧត្តម ថោង ខុន នៅថ្ងៃទី១២ ខែកក្កដា បានលើកឡើងថា ៖ «ដើម្បីបន្តចូលរួមយ៉ាងសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ពិសេសស្របតាមការអំពាវនាវរបស់ គ.ជ.ប ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មេត្តាបង្កលក្ខណៈងាយស្រួល ដោយអនុញ្ញាតឱ្យបុគ្គលិក និយោជិត បានឈប់សម្រាកចំនួនបីថ្ងៃ នៅថ្ងៃទី២២-២៣ និងទី២៤ ខែកក្កដា ដើម្បីទៅបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលបានចុះឈ្មោះ»។
ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី- ប៉ាស៊ីហ្វិកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដាថា ការទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ឬតំណាងប្រទេស គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទូទៅ ហើយការអំពាវនាវរបស់ឯកឧត្តម ថោង ខុន ក៏ដូចជាការអំពាវនាវរបស់រដ្ឋមន្ត្រីផ្សេងៗទៀតនៅក្នុងឱកាសនេះ គឺជាការលើកទឹកចិត្តបន្ថែមឱ្យទៅបោះឆ្នោត។
ចំណែក លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១២ ខែកក្កដា ក៏បានប្រាប់ដែរថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សហគ្រាស និងរោងចក្រ ដែលមានបុគ្គលិក និងនិយោជិតបម្រើការងារតែងតែអនុវត្តទៅតាមការអំពាវនាវរបស់គ.ជ.បក្នុងការបង្ករលក្ខណៈងាយស្រួលទៅដល់កម្មករ និយោជិតរបស់ខ្លួន ឱ្យទៅចូលរួមការបោះឆ្នោតនៅពេលខាមុខ។
លោកសង្កត់ធ្ងន់ថា ការអំពាវនាវរបស់ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នផ្សេងៗក្នុងការស្នើឱ្យមានការបង្កលក្ខណៈងាយស្រួល ដល់កម្មករនិយោជិតរបស់ខ្លួន ទៅចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមយ៉ាងសំខាន់ជាមួយគ.ជ.ប ក្នុងដំណើររៀបចំការបោះឆ្នោត។
សូមរម្លឹកដែរថា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីថ្ងៃទី៧ ខែកក្កដា បានចេញសេចក្តីអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងប្រទេសកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់។
សូមបញ្ជាក់ដែរថា ទាក់ទងនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ការចូលរួមបោះឆ្នោតនេះដែរ ល្ងាចថ្ងៃទី១១ ខែកក្កដាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងប្រមាណពី៣០០ ទៅ៣៥០ គ្រឿងដើម្បីដឹកជញ្ជូនកម្មករកម្មការិនីដែលត្រូវធ្វើដំណើរទៅបោះឆ្នោតនាស្រុកកំណើតតាមបណ្តាខេត្តនានា ផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ
