មន្រ្តី គ.ជ.ប ជំរុញឱ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ និងតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក កែ រឹទ្ធិ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៃគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជំរុញដល់ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ឱ្យប្រកាន់ភ្ជាប់នូវច្បាប់ និងខិតខំបំពេញទួនាទីរបស់ខ្លួនដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។

ការជំរុញពីមន្រ្តីជាន់ខ្ពស់របស់គ.ជ.បត្រូវបានធ្វើឡើងនៅតាមរយៈកម្មវិធីកិច្ចសម្ភាសន៍របស់គ.ជ.បលើប្រធានបទ «ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ដែលបានផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា។

លោក កែ រឹទ្ធិ មានប្រសាសន៍ថា សម្រាប់ការបោះឆ្នោត នៅចន្លោះឆ្នាំ២០២២-២០២៤ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មការសន្តិសុខអចិន្រៃ្តយ៍បោះឆ្នោតជាលក្ខណៈអន្តរក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុប២៧ស្ថាប័ន។

លោកបានបន្តថា ក្រោយបង្កើតឱ្យមានគណៈកម្មការសន្តិសុខអចិន្រៃ្តយ៍បោះឆ្នោតនេះរួចមក យើងឃើញមានក្រសួងស្ថាប័នសំខាន់ៗ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ត្រូវបង្កើតជាផែនអន្តរស្ថាប័នមួយដើម្បីចាត់ចែងជាកម្លាំងសន្តិសុខ ត្រៀមការពារនៅតាមតំបន់គោលដៅនីមួយៗ»។

ដោយឡែក ទាក់ទិនទៅនឹងការប្រើប្រាស់កងកម្លាំងភ្នាក់ងារសន្តិសុខការពារសណ្ដាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នាថ្ងៃទី២៣ កក្កដាខាងមុខនេះវិញ លោក កែ រឹទ្ធិ បានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាបានត្រៀមកម្លាំងសន្តិសុខជាង១០ម៉ឺននាក់ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោត។ចំពោះភ្នាក់ងារសន្តិសុខបោះឆ្នោតនេះដែរ គឺសុទ្ធតែបានទទួលបានវគ្គបណ្តុះបណ្តាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពីច្បាប់ បទបញ្ជា ក្រមសីលធម៌ តួនាទី និងភារកិច្ចនៃដំណើការបោះឆ្នោត។

ទន្ទឹមគ្នានេះ មន្រ្តីជាន់ខ្ពស់ គ.ជ.ប ដដែល ក៏បានជំរុញដល់កម្លាំងភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវប្រកាន់ភ្ជាប់ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និតិវិធី ក្រមសីលធម៌ និងទូនាទីភារកិច្ចរៀងខ្លួន ប្រកបដោយអធ្យាក្រឹត្យ និងតម្លាភាព ដើម្បីឱ្យដំណើរការបោះឆ្នោតដំណើរការទៅរលូន និងលទ្ធផលបោះឆ្នោតមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ក្រៅពីជំរុញឱ្យភ្នាក់ងារសន្តិសុខបោះឆ្នោះ ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ និងតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួនហើយនោះ លោក កែ រឹទ្ធិ ក៏បានអំពាវដល់គ្រប់ក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ គណៈបក្សនយោបាយ ពិសេសប្រជាពលរដ្ឋឱ្យចូលរួមសហការ និងគោរពច្បាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសបញ្ហាកើតឡើងណាមួយ នៅកំឡុងពេលបោះឆ្នោតផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឱ្យដឹងកាលពីចុងខែមិថុនាថា កម្លាំងការពារសន្តិសុខ ប្រមាណ ១០ម៉ឺននាក់នេះ មកពីកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងប្រតិបត្តិការសឹកដែលនឹងត្រូវបែងចែកជាដំណាក់កាលនីមួយៗ រួមមាន ដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងនៅក្រោយពេលការបោះឆ្នោត។

លោកប្រាប់ថា កម្លាំងទាំងនេះយើងបានបែងចែកភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់ការពារនៅតាមគោលដៅដូចជាទីស្នាក់ការរបស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង១ ៩៥២ទីតាំង ការពារការិយាល័យបោះឆ្នោតទាំង២៣ ៧៨៩ការិយាល័យ ព្រមទាំងកម្លាំងត្រៀមអន្តរាគមន៍ខាងក្រៅ និងសម្រាប់ការពារហិបឆ្នោត ឯកសារបោះឆ្នោតនិងឧបករណ៍សម្ភាររបស់ គ.ជ.ប ដែលរៀបចំនៅតាមការិយាល័យបោះឆ្នោត៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner