សន្ទស្សន៍កាំរស្មី UV នៅវៀតណាម ឈានដល់កម្រិតហានិភ័យខ្ពស់
ហាណូយ៖ មជ្ឈមណ្ឌលជាតិទទួលបន្ទុកការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម បានរាយការណ៍ថា សន្ទស្សន៍កាំរស្មីអ៊ុលត្រាវីយូឡេ ដែលហៅកាត់ថា (UV) នៅក្នុងខេត្ត និងទីក្រុងភាគច្រើនរបស់ប្រទេសវៀតណាម បានឈានដល់កម្រិតហានិភ័យខ្ពស់។
ទីក្រុងជាច្រើនរបស់ប្រទេសវៀតណាម បានមើលឃើញកម្រិតសន្ទស្សន៍កាំរស្មី UV កើនឡើងដល់លេខ ៩ ឬខ្ពស់ជាងនេះ នៅថ្ងៃទី១១ ខែកក្កដា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់ប្រភពពីមជ្ឈមណ្ឌលជាតិទទួលបន្ទុកការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម។
ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកក្កដា សន្ទស្សន៍កាំរស្មី UV នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចាប់ពីចន្លោះលេខ ៩ ដល់១០ ហើយភាគខាងត្បូងប្រទេសវៀតណាមនឹងជួបប្រទះនូវកម្រិតហានិភ័យខ្ពស់ខ្លាំង ចាប់ពីចន្លោះលេខ ៨ ដល់១០។ សន្ទស្សន៍កាំរស្មី UV នៅចន្លោះលេខ ៨ ដល់១០ គឺខ្ពស់ណាស់ មានន័យថា មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ បើសិនប៉ះនឹងពន្លឺព្រះអាទិត្យដោយមិនបានការពារ។
មនុស្សដែលមានស្បែកស្អាតអាចរលាកក្នុងរយៈពេលតិចជាង ១០នាទី។
ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុខាងលើនេះ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យការពារខ្លួន ដោយសម្លៀកបំពាក់ការពារពន្លឺកំដៅថ្ងៃ ពាក់មួក និងវ៉ែនតា ព្រមទាំងបរិភោគទឹកឱ្យបានគ្រប់គ្រាន់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា



