តំណាងអ្នកសង្កេតការណ៍ជាតិជាង ២០០០នាក់ បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនា សង្កេតឃើញបណ្តាគណបក្សនយោបាយទាំង១៨ ប្រកាន់ខ្ជាប់ឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក សាខុន ប៉ូរិន អគ្គលេខាធិការរង នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ បានលើកឡើងថា ការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យមាន បណ្ដាអង្គការ-សមាគមន៍ ចូលរួមសង្កេតការណ៍បោះឆ្នោត ដើម្បីពិនិត្យមើលការប្រកួតប្រជែងរបស់គណបក្សនយោបាយនៅកម្ពុជានេះ យ៉ាងមេចដែរ ។

លោក សាខុន ប៉ូរិន បានគូសបញ្ជាក់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា អំឡុងយុទ្ធនាការឃោសនា សង្កេតឃើញបណ្តាអ្នកនយោបាយ មកពីគណបក្សនយោបាយទាំង១៨ បានប្រកាន់ខ្ជាប់ឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ និងគោរពគ្នាទៅវិញទៅមក។
ទន្ទឹមនឹងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានចូលដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ តំណាងអ្នកសង្កេតការណ៍ជាតិជាង ២០០០នាក់ បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ សូមធ្វើការឃោសនាដោយគោរពគ្នាទៅវិញទៅមក ។ លោកក៏បានស្នើរដល់បណ្តាគណបក្សនយោបាយ សូមទទួលយកលទ្ធផលនៃការបោះឆ្នោត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ហើយសូមគូសតែ ១សញ្ញាធិក ចំគណបក្សដែលខ្លួនស្រលាញ់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន៣ បានហែ ក្បួនឃោសនា។

គ.ជ.ប បានបន្តថា ចំណែកគណបក្សនយោបាយ ចំនួន១០ ផ្សេងទៀត បានធ្វើការឃោសនាបោះឆ្នោតតាមរយៈ សកម្មភាពជួបប្រជុំ ជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅទី ស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និង ចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយក្នុងថ្ងៃ ទីដប់ពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕






អត្ថបទ ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ