ប្រធានាធិបតីអាមេរិក ៖ លោក ពូទីន គិតខុសថា រុស្ស៊ីនឹងអាចឈ្នះសង្គ្រាមអ៊ុយក្រែន
វីលនីញូស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោក ពូទីន នៅតែបន្តលេងល្បែងភ្នាល់ដ៏អាក្រក់មួយថា លោកខាងលិចនឹងបោះបង់ចោលអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅទីក្រុងវីលនីញូសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែលេងល្បែងភ្នាល់ដ៏អាក្រក់មួយ នោះគឺគិតថា លោកខាងលិចនឹងបោះបង់ចោលអ៊ុយក្រែន ដែលកំពុងតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក បៃដិន បន្តថា លោក ពូទីន នៅតែជឿជាក់ខុសថា រុស្ស៊ីនឹងអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែនបាន។

លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោក ពូទីន គិតថា ការរួបរួមរបស់ពួកយើងនឹងបែកបាក់នៅពេលធ្វើតេស្តលើកដំបូង ប៉ុន្តែគាត់គិតខុស។ លោក បៃដិន បន្ថែមថា ការការពារសេរីភាពមិនមែនជាការងារមួយថ្ងៃ ឬមួយឆ្នាំនោះទេ វាជាការងារពេញមួយជីវិតរបស់ពួកយើង ហើយគ្រប់ពេលវេលា… ការរួបរួមរបស់ពួកយើងនឹងមិនដួលរលំនោះទេ ខ្ញុំសន្យា។

លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា សព្វថ្ងៃនេះ សម្ព័ន្ធភាពរបស់ពួកយើងនៅតែជាកំពែងការពារសន្តិសុខ និងស្ថិរភាពសកល ដូចដែលវាមានជាង ៧ទសវត្សរ៍មកហើយ។ អង្គការណាតូកាន់តែរឹងមាំ, ស្វាហាប់ជាងមុន និងមានការរួបរួមគ្នាជាងពេលណាៗ វាពិតជាមានសារៈសំខាន់ក្នុងការកសាងអនាគតរួមគ្នារបស់ពួកយើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
