រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការ អនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ កក្កដា ហើយទទួលបាននៅថ្ងៃទី១៣ កក្កដា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operate-Transfer) ដែលមាន សមាសភាពដូចខាងក្រោម៖
-ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន, មានអនុប្រធានចំនួន ៣រូប និងមានសមាជិក ២២រូប ។ គណៈកម្មការនេះ មានភារកិច្ចពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាព នៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការ អភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប ។ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី។ គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។

សូមជម្រាបថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងប្រមាណ ៤០០គីឡូម៉ែត្រ គ្រោងចំណាយថវិកា ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពេលដែលផ្លូវល្បឿនលឿនទី៣នេះសាងសង់រួចហើយ វានឹងផ្តល់អត្ថប្រយោជន៍ច្រើនមកដល់សេដ្ឋកិច្ចកម្ពុជា ហើយពេលដែលផ្លូវនេះធ្វើហើយ នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានមួយកម្រិតទៀតផងដែរ។
ដោយឡែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននិយាយទាក់ទិននឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែរថា ជាធម្មតាការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣នេះ គឺរាជរដ្ឋាភិបាលបានគិតច្បាស់លាស់ពីផលចំណេញសម្រាប់សេដ្ឋកិច្ច-សង្គម។ ចំណែកឯលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន ក៏បានលើកឡើងដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននឹងផ្តល់ផលប្រយោជន៍ច្រើនដល់វិស័យសេដ្ឋកិច្ចកម្ពុជា។ លោកថា បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿននៅកម្ពុជាបានជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបានរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿន ខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងបើកឱ្យដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។ ផ្លូវល្បឿនលឿនទី៣នេះ ឆ្លងកាត់រាជធានីខេត្តចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខ្សែទី៣នេះ ខេត្តសៀមរាប ក៏មានព្រលានយន្តហោះអន្តរជាតិថ្មី ដោយគិតត្រឹមដំណាច់ឆមាសទី១ នៃឆ្នាំ២០២៣ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បានសម្រេចការងារប្រមាណ៩៨ភាគរយហើយ ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានបង្ហាញថា បច្ចុប្បន្ន ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ កំពុងត្រៀមដាក់ដំណើរការនៅអំឡុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្រុមហ៊ុន កំពុងទទួលយកបុគ្គលិកពីព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ មកព្រលានយន្តហោះថ្មី មុននឹងត្រូវបានបិទ។
ឯកឧត្តមបន្ថែមថា ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងមានសមត្ថភាពទទួលយន្តការហោះចុះចតធុនធំប្រភេទប៊ូអ៊ីង ដែលមានចំនួនរហូតដល់ជិត៤០ចំណត អាចទទួលបានអ្នកដំណើរបានពី ៧លាននាក់ក្នុងឆ្នាំនេះ និង ១០,៥លាននាក់ នៅក្នុងឆ្នាំ២០២៣ និង២០៤០ ខាងមុខ ក៏ដូចជាអាចទទួលជើងហោះហើរបានពី ៥ម៉ឺន ៨ពាន់ជើង ក្នុង១ឆ្នាំ ទៅ ៨ម៉ឺន ៦ពាន់ជើង ក្នុង ១ឆ្នាំចាប់ពីឆ្នាំ២០៣០ ទៅឆ្នាំ២០៤០៕
ដោយ វណ្ណលុក


