លោក ស៊ឹម សុវឌ្ឍនៈ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរថ្មី ព្រមទាំងមានការផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួន។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជា ខិតខំដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកន្លងមក ។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក ស៊ឹម សុវឌ្ឍនៈ ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង នឹងខិតខំបំពេញការងារ រួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត ៕
ប្រភព ៖ ក្រសួងការងារ






