មន្រ្តីអង្គការយូណេស្កូប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចផលិតផលបុរាណៗនៅក្នុងសហគមន៍ខ្មែរឥស្លាម
ភ្នំពេញ៖ លោក សាដា អូម៉ា អាឡាម នាយកការិយាល័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចទីតាំងសំណង់អគារនិងផលិតផលបុរាណៗ ដែលមានក្នុងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
ការគ្រោងទស្សនកិច្ចនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាដា អូម៉ា អាឡាម នាយកការិយាល័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជានៅស្នាក់ការអង្គការយូណេស្កូ រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងជំនួបនោះឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី បានជម្រាបជូនអំពីវត្តមាននៃសំណង់អគារ និងផលិតផលបុរាណៗមួយចំនួន ដែលមានអាយុកាលជាងមួយរយឆ្នាំមានក្នុងសហគមន៍ខ្មែរឥស្លាមដូចជានៅក្នុងខេត្តត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង និងខេត្តក្រចេះជាដើម ខណៈផលិតផលសក្តានុពលទាំងនោះ ពិតជាបម្រើដល់វិស័យទេសចរណ៍ ជាពិសេសប្រភេទនៃទេសចរណ៍មូស្លីម។
ជាការឆ្លើយតប លោក សាដា អូម៉ា អាឡាម បានសម្តែងនូវការគាំទ្រ និងមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះផលិតផលបុរាណៗ ដែលមានក្នុងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ហើយលោកគ្រោងនឹងពិនិត្យពេលវេលាសមស្រប ដើម្បីចុះទៅទស្សនកិច្ចជាក់ស្តែងនៅគោលដៅទាំងនោះ នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះនាយកការិយាល័យអង្គការយូណេស្កូ ក៏បានស្នើគំនិតផ្តួចផ្តើមចង់ឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ឥស្លាមនៅកម្ពុជា (Islamic Cultural Exchange Centre in Cambodia) ផងដែរ។

ជុំវិញរឿងនេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា កម្ពុជា គឺមិនមានការប្រកាន់ជាតិសាសន៍ណាឡើយ ទោះបីប្រជាជនខ្មែរភាគច្រើនកាន់សាសនាព្រះពុទ្ធក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា មានការគោរពនិងឱ្យតម្លៃទៅលើសាសនាផ្សេងៗទៀតទៅវិញទៅមកផងដែរ។ ទន្ទឹមនឹងនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់សេរីភាពដល់សាសនាទាំងអស់ មិនថាតែសាសនាឥស្លាមនោះទេ គឺឱ្យពួកគាត់មានសេរីភាពក្នុងការរៀបចំបង្ហាញអំពីផលិតផលនានារបស់ខ្លួន ដើម្បីទាក់ទាញអ្នកទេសចរណ៍សាសនាចូលមកទស្សនា ហើយព្រមទាំងមានកន្លែងសម្រាប់អ្នកទេសចរណ៍សាសន៍ មកគោរពប្រត្តិបត្តិសាសនារបស់ខ្លួនថែមទៀតផង ។
ក្រៅពីនេះទៀត លោកបន្តថា ការផ្ដល់សេរីភាពដល់សាសានាទាំងអស់នៅកម្ពុជា វាក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនដែរ ដូចជាទាក់ទាញអ្នកទេសចរទាំងក្នុងតំបន់អាស៊ាន និងក្រៅតំបន់ ចូលមកកម្សាន្តក្នុងតំបន់នានានៅកម្ពុជាផង ហើយពួកគាត់អាចនឹងមានការចាប់អារម្មណ៍លើការវិនិយោគវិស័យណាមួយនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖«គម្រោងធ្វើទស្សនកិច្ចនៅទីតាំងសំណង់អគារ និងផលិតផលបុរាណៗដែលមាននៅក្នុងសហគមន៍ខ្មែរ-ឥស្លាម គឺជាការពង្រឹងដល់វិស័យទេសចរណ៍បែបសាសនាផងដែរ។ វាក៏ជួយដល់ការរក្សាវប្បធម៌ ប្រពៃណី និងសាសនា ខណៈដែលអង្គការយូណេស្កូ បានស្វែងយល់អំពីធនធានដែលមាននៅក្នុងសហគមន៍របស់ពួកគាត់ ជាពិសេសគឺការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវផលិតផលបុរាណ និងអត្តសញ្ញាណរបស់ពួកគាត់»៕

ដោយ៖ ជា សុខនី