ឯកឧត្តម លី ធុជ៖ កម្ពុជាបានគិតគូរជាចម្បងដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច (Hunsenomics) និងទស្សនៈវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឱ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ប្រកបដោយជោគជ័យ។
នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP)។
កិច្ចពិគ្រោះយោបល់នេះបានប្រព្រឹត្តឡើង នាថ្ងៃទី១៣ ខែកក្កដា នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP ជាច្រើនរូប។
ឯកឧត្តម លី ធុជ បានថ្លែងនាពិធីនោះថា ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ចនិងទស្សនៈវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឱ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ប្រកបដោយជោគជ័យ ហើយត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជាចម្បងដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសង្គមនានាជូនប្រជាពលរដ្ឋទូទាំងប្រទេស និងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់កើតមានឡើងក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ជាអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និងការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះបានគ្រប់កាលៈទេសៈ។
ឯកឧត្តមបានបន្តថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឱ្យក្លាយជាប្រទេសឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៣ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីរក្សានូវចីរភាពបំណុលផងដែរ។
យុទ្ធសាស្រ្តទាំងនោះរួមមាន ការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធភាព ដោយរួមទាំងការតាមដាននិងគ្រប់គ្រងកម្ចី និងការកំណត់កម្រិតនៃការខ្ចី, វិន័យសារពើពន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងនូវឱនភាពថវិកា ធ្វើឱ្យប្រសើរឡើងនូវការបង្កើតប្រាក់ចំណូល និងធានាការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ នាង សុគន្ធា