ក្រសួងការងារបន្តផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរដែលព្យួរការងារជាងមួយម៉ឺននាក់
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១០ ៩០០ មកពីរោងចក្រចំនួន២៩ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមតាមសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៣ និងលើកទី៤ ជូនបងប្អូនកម្មករនិយោជិត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ជាង១ម៉ឺននាក់នេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ។ ក្នុងនោះចំនួន ថវិកាចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ និងថវិកាចំនួន ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់១ខែ។

បើតាមក្រសួងការងារ ៖«កម្មករនិយោជិតជាងមួយម៉ឺននាក់ មកពីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិត ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល»។
ក្រសួង ក៏បានរំឮកដែរថា ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ។ ហេតុនេះ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២៩ នេះ មិនបានទទួលសារទូរសព្ទពីធនាគារវីង នោះទេ ក្រសួងសូមស្នើឱ្យបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន ខណៈក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ។ ជាថ្មីម្តងទៀត ក្រសួងការងារ ក៏បានប្រកាសសូមឱ្យកម្មករនិយោជិតជ្រាបជាព័ត៌មាន និង សូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានាដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕ ដោយ៖ បូរ ពេជ្រហ្សាលីន