ប៉ាណាម៉ារឹបអូសព្រុយត្រីឆ្លាមទម្ងន់ ៦តោន

ប៉ាណាម៉ា៖ ប៉ូលិសប៉ាណាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសព្រុយត្រីឆ្លាមមានទម្ងន់ជាង ៦តោន ព្រមជាមួយការចាប់ខ្លួនជនសង្ស័យ ៥នាក់។

ប៉ូលិសប៉ាណាម៉ានីបានរាយការណ៍ថា នៅក្នុងប្រតិបត្តិការមួយ ដែលមានឈ្មោះថា “ត្រីឆ្លាម” ភ្នាក់ងារអនុវត្តច្បាប់បានរឹបអូសព្រុយត្រីឆ្លាមមានទម្ងន់ ៦.៧៩តោន នៅក្នុងទូរកុងតឺន័រប្រវែង ១២ម៉ែត្រ។ ប្រតិបត្តិការនេះបានកើតឡើងនៅក្នុងសហគមន៍ La Pita ក្នុងសង្កត់ Capira មានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ភាគខាងលិចទីក្រុងប៉ាណាម៉ា។

ក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ ការវាយឆ្មក់ផ្សេងៗគ្នាត្រូវបានធ្វើឡើងនៅក្នុងសង្កាត់ Capira និងនៅក្នុងរដ្ឋធានីប៉ាណាម៉ា ដែលមនុស្ស ៥នាក់ត្រូវបានចាប់ខ្លួន។ ព្រុយត្រីឆ្លាមមួយគីឡូអាចមានតម្លៃដល់ទៅ ១,០០០ដុល្លារនៅក្នុងទីផ្សារអាស៊ីបូព៌ា។ យោងតាមជំនឿដ៏ពេញនិយមមួយ ស៊ុបព្រុយត្រីឆ្លាមអាចជួយកាត់បន្ថយភាពចាស់, បង្កើនចំណង់អាហារ, ជំនួយការចងចាំ និងជំរុញចំណង់ផ្លូវភេទជាដើម។

សូមរម្លឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កិច្ចប្រជុំកំពូលប៉ាណាម៉ាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជ បានអនុម័តដំណោះស្រាយដើម្បីការពារត្រីឆ្លាម ដែលប្រការនេះនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មដែលរកកម្រៃបានដោយសារព្រុយត្រីឆ្លាម សម្រាប់ធ្វើជាស៊ុបនៅតំបន់អាស៊ីបូព៌ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner