សម្ដេចតេជោ ហ៊ុន សែន៖ មិនបានប្រឆាំងលោក Pita នោះទេ, គ្រាន់តែចេញសារប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ ហ៊ុន សែន មិនបានប្រឆាំងលោក Pita នោះទេ, គ្រាន់តែចេញសារប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសដូច្នេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ ល្ងាចម្សិលមិញ ខ្ញុំបានបង្ហោះសារមួយ ដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថា ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោក ធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រីហើយ ពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជា តាមទឹកដីថៃ។ ក្រុមនេះ បានប្រើប្រាស់ឈ្មោះលោក Pita ជិត ២ខែមកហើយ តាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។
សម្ដេចបានប្រកាសជំហរថា ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះ បំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នក ត្រូវរលាយដូចអំបិលត្រូវទឹក។
ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃ ចូលមក Comment ជាភាសារថៃយ៉ាងច្រើន ដែលខ្ញុំមិនយល់ ដោយ មិនចេះអានភាសារថៃ។
សម្ដេច សូមបញ្ជាក់នៅទីនេះថា៖
១.ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។
២.ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។
៣.ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។
៤.ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដ៏ទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ ៕ ដោយ :វណ្ណលុក

