អង្គការ WHO ចាត់ទុកសារធាតុផ្អែម Aspartame ទំនងជាអាចបង្កជាជម្ងឺមហារីកដល់មនុស្ស
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ឥឡូវនេះ អង្គការចាត់ទុកសារធាតុអាស្ប៉ាថេម “Aspartame” ដែលជាជាតិផ្អែមសិប្បនិម្មិតប្រើទូទៅនៅក្នុងភេសជ្ជៈ “ទំនងជាអាចបង្កជំងឺមហារីកដល់មនុស្ស”។
ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Francesco Branca បាននិយាយថា បច្ចុប្បន្ននៅពុំទាន់មានការពិសោធន៍ ឬទិន្នន័យដែលឱ្យគួរជឿជាក់បង្ហាញពីផលប៉ះពាល់ដល់សុខភាពរបស់មនុស្ស បន្ទាប់ពីការបរិភោគសារធាតុផ្អែមសិប្បនិម្មិតអាស្ប៉ាថេម “Aspartame” នៅឡើយទេ ប៉ុន្តែអង្គការស្នើឱ្យអ្នកប្រើប្រាស់ទូទៅព្យាយាមកាត់បន្ថយ។
ទោះបីជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) មិនបានណែនាំអ្នកផលិតឱ្យដក ឬអាជ្ញាធរឱ្យដកផលិតផលមានសារធាតុផ្អែមអាស្ប៉ាថេមចេញពីទីផ្សារនោះទេ ប៉ុន្តែខ្លួនកំពុងពិចារណាលើការពិតដែលថា មានការព្រួយបារម្ភមួយចំនួន ដែលត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការសិក្សាស្រាវជ្រាវ។
គួរបញ្ជាក់ថា អាស្ប៉ាថេម ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាលើកដំបូងដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ក្នុងឆ្នាំ១៩៧៤ ហើយចាប់តាំងពីពេលនោះមក មានការអះអាងជាច្រើនអំពីផលប៉ះពាល់របស់វាទៅលើសុខភាព។ យ៉ាងណាមិញ ការវាយតម្លៃជាញឹកញាប់ដោយភ្នាក់ងារសុខាភិបាល ក្នុងនោះរួមមាន WHO, FDA និងអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប (EFSA) រកមិនឃើញភស្តុតាង ដើម្បីគាំទ្រការអះអាងពីផលប៉ះពាល់សុខភាពមនុស្សនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

