ប្រធានាធិបតីអាមេរិក ៖ លោក ពូទីន ចាញ់សង្គ្រាមអ៊ុយក្រែនរួចទៅហើយ
ហែលស៊ិនគី៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថា លោក វ៉្លាឌីមៀ ពូទីន បានចាញ់សង្គ្រាមអ៊ុយក្រែនរួចទៅហើយ ហើយលោកសង្ឃឹមថា ការវាយបករបស់អ៊ុយក្រែននឹងបង្ខំឱ្យរុស្ស៊ីមកកាន់តុចរចា។
Read. ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សន្និសិទកាសែតជាមួយសមភាគីហ្វាងឡង់ លោក សូលី នីអ៊ីនីស្តូ យ៉ាងដូច្នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចាញ់សង្គ្រាមហើយ… លោក ពូទីន មានបញ្ហាយ៉ាងពិតប្រាកដ… គ្មានលទ្ធភាពដែលគាត់ឈ្នះសង្គ្រាមនៅអ៊ុយក្រែនទេ។
ស្របពេលដែលរុស្ស៊ីចាប់ផ្តើមការវាយប្រហារថ្មីៗ និងការសម្ញែងថ្មីៗនៃអាវុធនុយក្លេអ៊ែរ លោក បៃដិន បាននិយាយថា មិនមានការរំពឹងទុកពិតប្រាកដណាមួយថា លោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ ហើយថា សង្គ្រាមនឹងមិនអូសបន្លាយច្រើនឆ្នាំទេ។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានប្រើដំណើរទស្សនកិច្ចមកកាន់ប្រទេសហ្វាំងឡង់ ដែលជាសមាជិកថ្មីបំផុតរបស់អង្គការណាតូ ដើម្បីសន្យាផងដែរថា ថ្ងៃណាមួយអ៊ុយក្រែននឹងចូលរួមសម្ព័ន្ធភាពនេះ បើទោះបីជាក្រុមមេដឹកនាំណាតូមិនបានផ្តល់កាលវិភាគមួយដល់ទីក្រុងកៀវ ក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់ក្នុងសប្តាហ៍នេះក៏ដោយ។
ទោះបីជាយ៉ាងណា លោក ពូទីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអង្គការណាតូ វានឹងធ្វើឱ្យពិភពលោកកាន់តែងាយរងគ្រោះ ហើយបង្កើនភាពតានតឹងជាសកល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

