សម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា
ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ (NTUC) ដែលជាសហជីពឯករាជ្យ បានអំពាវនាវដល់បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ នេះបើយោងតាមលិខិតអំពាវនាវរបស់សម្ព័ន្ធសហជីពជាតិនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឲ្យបងប្អូនកម្មករ និយោជិតយើង បានឈប់ទៅបោះឆ្នោតចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតយើងនៅដដែល។
សម្ព័ន្ធសហជីពជាតិបានបញ្ជាក់ថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូន កម្មករ និយោជិត ឆ្នាំ២០២៤ខាងមុខនេះ និងដើម្បី កែប្រែអនាគតរបស់យើង និងប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍន៍ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ តាមរយៈការបោះឆ្នោតនេះហើយ។ រីឯគណៈបក្សនយោបាយចូលរួម មានចំនួន១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះសូមបងប្អូនសមាជិក-សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសសញ្ញាធីក យកបានតែមួយគត់ ក្នុងចំណោម១៨គណបក្ស ឱ្យបានត្រឹមត្រូវតាមការនែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្ព័ន្ធសហជីពជាតិបានបន្តថា វត្តមាននៃការចូលរួមបោះឆ្នោតរបស់សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិការ ស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ។ សម្ព័ន្ធសហជីពជាតិ សង្ឃឹមជឿជាក់ថា បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន៕
ដោយ៖ពលជ័យ
