លោក ភីថា អះអាងថា នឹងមិនចុះចាញ ហើយបន្តឈរឈ្មោះម្តងទៀតសម្រាប់ការបោះឆ្នោតសភានៅសប្តាហ៍ក្រោយ
បាងកក៖ សភារបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការដេញថ្លៃរបស់លោក ភីថា លីមចារើនរ៉ាត់ ដែលជាប្រធានគណបក្សចម្រុះ ដែលបានឈ្នះការបោះឆ្នោតសកលកាលពីខែឧសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានប្រកាសទទួលយកការចាញ់ឆ្នោតក្នុងសភាជាតិថៃ ដែលបោះឆ្នោតជ្រើសរើសមេដឹកថៃក្នុងអាណត្តិថ្មី ដោយការបោះឆ្នោតនោះ លោក ភីថា មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទេ ដោយផ្អែកតាមច្បាប់ប្រទេសថៃ គាត់ត្រូវការសំឡេងសភាចំនួន ៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ទើបអាចក្លាយជានាយករដ្ឋមន្រ្តីបាន។

ថ្លែងប្រាប់អ្នកយកព័ត៌មានភ្លាមៗ បន្ទាប់ពីទទួលយកការចាញ់ការបោះឆ្នោតជុំដំបូង លោក ភីថា បានគូសបញ្ជាក់យ៉ាងដូច្នេះថា រូបលោកនឹងធ្វើយុទ្ធសាស្ត្រថ្មីមួយ ដើម្បីទទួលជ័យជំនះនៅក្នុងការបោះឆ្នោតបន្ទាប់ ហើយប្តេជ្ញាថា នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីថៃម្តងទៀតនាសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ស្ថិតក្រោមច្បាប់របស់ប្រទេសថៃ សភាថៃនឹងបន្តរៀបចំការបោះឆ្នោតជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ ពោលគឺនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មីត្រូវបានជ្រើសរើសជាផ្លូវការ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា