អ្នកនាំពាក្យ៖ គ.ជ.ប កំពុងតែមានចំណាត់ការទៅលើក្រុមដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងតែមានចំណាត់ការទៅលើក្រុមដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ បើទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ គឺការបោះឆ្នោតនឹងប្រព្រឹត្តទៅជាប្រក្រតី និងសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេញទៅបោះឆ្នោតតាមការកំណត់ និងបោះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត មិនបោះដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលមានន័យថា ផ្តាច់សិទ្ធិរបស់ខ្លួនឯងនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ចំណាត់ការរបស់ គ.ជ.ប បានធ្វើឡើងខណៈដែលមានក្រុមអ្នកនយោបាយអគតិមួយចំនួនតូចនៅក្រៅប្រទេសកំពុងតែធ្វើយុទ្ធនាការឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតនៅពេលពៅបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ប្រាប់ AMS ថា “គ.ជ.ប កំពុងតែមានចំណាត់ការហើយ ប៉ុន្តែសូមមិននិយាយនៅពេលនេះទេ។ ផ្អែកទៅលើស្មារតី និងការចូលរួមរបស់ប្រជាពលរដ្ឋ ការបោះឆ្នោតនឹងប្រព្រឹត្តទៅជាប្រក្រតី ហើយសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេញទៅបោះឆ្នោតតាមការកំណត់ និងបោះឆ្នោតដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត មិនបោះដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលមានន័យថាជាការផ្តាច់សិទ្ធិរបស់ខ្លួនឯងនោះទេ”។ ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីចេញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
បោះឆ្នោតដើម្បីជ្រើសរើសតំណាង ជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត។ ដោយអ្នកនាំពាក្យបានលើកឡើងថា ការចេញទៅបោះឆ្នោតមិនត្រូវបោះឆ្នោតជាការបំផ្លាញសន្លឹកឆ្នោត ដែលទទួលយកការញុះញង់របស់បុគ្គលណា ឬក៏ក្រុមណាមួយនោះទេ។ ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាការផ្តល់តម្លៃឱ្យខ្លួនឯង ព្រោះថាសន្លឹកឆ្នោតបានការមួយនិងរាប់ជាសម្លេងដល់គណបក្សនយោបាយណាមួយដែលបងប្អូនស្រឡាញ់ពេញចិត្ត។ គ.ជ.ប បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។ មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖
-ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
-ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
-ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ពលជ័យ