ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ដឹកនាំដង្ហែក្បួនឃោសនារកសម្លេងឆ្នោត ដោយមានការចូលរួមពីសមាជិក ប្រមាណ ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូ ជាច្រើនគ្រឿង

(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ នាព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ការជួបជុំដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនេះ ជាលើកទី៣ហើយ ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង បន្ទាប់មកក្បួនដង្ហែ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានដង្ហែរ ចេញពីមុខបុរីភូមិសំរោង តាមផ្លូវជាតិលេខ៥ ទៅទិសខាងត្បូង ហើយបត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង បន្តចូលតាមផ្លូវបេតុង ក្នុងភូមិសាស្ត្រសង្កាត់ពន្សាំង បន្តមកផ្លូវមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ គោករកា ទើបឡើងមកមហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចស្ពានព្រែកព្នៅ បត់ឆ្វេងមកកាន់ផ្លូវជាតិលេខ៥ ហួសទីស្នាក់ការបក្សខណ្ឌព្រែកព្នៅ បត់ឆ្វេងចូលតាមផ្លូវបេតុង មកសង្កាត់ សំរោងក្រោមនិងបានរំសាយនៅផ្លូវចូលឡុងឈិន។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ កក្កដានេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមានរថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់អោយដឹងហើយថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ថ្ងៃ ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner