ក.ប.ប រៀបចំសិក្ខាសាលាស្តីពីច្បាប់ប្រកួតប្រជែង ដើម្បីជំរុញឱ្យធុរជនធ្វើពាណិជ្ជកម្មដោយស្មោះត្រង់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដើម្បីជំរុញឱ្យធុរជនក្នុងវិស័យនេះមានការប្រកួតប្រជែងប្រកបដោយសមធម៌ និងស្មោះត្រង់។

សិក្ខាសាលានេះសហការរៀបចំដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះមានការចូលរួមពី សមាជិក ក.ប.ក. ដែលជាបុគ្គលឯករាជ្យ និងធុរជន/ប្រតិបត្តិករក្នុងវិស័យសេវា ហិរញ្ញវត្ថុ មិនមែនធនាគារ សរុបប្រមាណ១២០រូប។ នេះបើតាម ក.ប.ប.។

ឯកឧត្តម ផាន អូន មានប្រសាសន៍ថា សិក្ខាសាលានានេះ នឹងដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេស ដល់ធុរជន/ប្រតិបត្តិករក្នុងវិស័យសេវាហិរញ្ញវត្ថុ មិនមែនធនាគារឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការប្រកួតប្រជែងនិងបទប្បញ្ញត្តិពាក់ព័ន្ធ។លោកបន្តថា ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាល ទើបអនុម័តនាពេលថ្មីៗនេះ នឹងចាប់អនុវត្តពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយអនុក្រឹត្យនេះក៏បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន ៣ ដែលធុរជន/ប្រតិបត្តិករក្នុងវិស័យសេវា ហិរញ្ញវត្ថុ មិនមែន ធនាគារ ត្រូវតែដឹងអំពីកាតព្វកិច្ចទាំងនេះ។ កាតព្វកិច្ចនោះរួមមាន ១ ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ២ ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង៣ ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

ឯកឧត្តម ផាន អូន គូសបញ្ជាក់ថា៖«សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ជួយជំរុញឱ្យធុរជនដែលធ្វើធុរកិច្ចក្នុងវិស័យនេះមានការប្រកួតប្រជែងប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ច ដោយស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។ លើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុព្រមទាំងជួយឱ្យធុរជនក្នុងវិស័យនេះមានមូលដ្ឋានគតិយុត្តក្នុងការស្នើសុំរួមបញ្ចូលគ្នានៃធុរកិច្ចរបស់ខ្លួនតាមនីតិវិធីជាធរមាន»។

សិក្ខាសាលានាពេលនេះ គឺជាសិក្ខាសាលាលើកទី១ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអាជ្ញាធរសេវា ហិរញ្ញវត្ថុ មិនមែន ធនាគារ រៀបចំផ្សព្វផ្សាយដល់ធុរជន/ប្រតិបត្តិករក្នុងវិស័យសេវា ហិរញ្ញវត្ថុ មិនមែន ធនាគារ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួត ប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ចនិងបទប្បញ្ញត្តិពាក់ព័ន្ធ។

សូមរំឮកថា នាពេលកន្លងទៅអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំនួន២៨លើក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ដោយក្នុងឆ្នាំ២០២២ មានការរៀបចំឡើងចំនួន២១លើក ដែលក្នុងនោះមានកិច្ច សហការជាមួយទីភ្នាក់ងារ GIZ ចំនួន៤លើក និងសភាពាណិជ្ជកម្ម កម្ពុជាចំនួន១៧លើក និងឆ្នាំ២០២៣ មានការរៀបចំឡើងចំនួន៦លើក ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារ GIZ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក.ប.ប. បានបញ្ជាក់ថា៖«ជារួមច្បាប់ស្ដីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រូវបានផ្សព្វផ្សាយដល់ធុរជនទូទាំងប្រទេសរួចហើយ ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានសកម្មភាពធុរកិច្ចជាច្រើនបាននិងកំពុងតែកើនឡើង»៕ ដោយ៖ សុខ រក្សា

ads banner