សាខាកាកបាទក្រហមកម្ពុជាបន្តនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលរងគ្រោះដោយកត្តាធម្មជាតិ
ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះស្វាយរៀងនិងខេត្តកំពតបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារកត្តាធម្មជាតិនិងផ្តល់ថវិកាមួយចំនួនផងដែរជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាក។

កាកបាទក្រហកម្ពុជា បានឱ្យដឹងថា អំណោយមនុស្សធម៌ទាំងនេះ ដោយអនុវត្តតាមគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហមច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ដោយក្នុងនោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ ៤៤ គ្រួសារ ក្នុងស្រុករំដួលនិងស្រុករមាសហែក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃទី១៥ ខែកក្កដានេះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនេះ បានចាត់ឱ្យក្រុមការងារសាខា និងអនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣។ ក្នុងហេតុការណ៍នោះ បណ្តាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋក្នុងស្រុករំដួលចំនួន ៦ ខ្នង ក្នុងស្រុករមាសហែក ៣៨ ខ្នង សរុប ៤៤ ខ្នង (មធ្យម ៣៩ ខ្នង តិចតួច ៥ ខ្នង) ។
អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះមធ្យមទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ និងថវិកា ៥ ម៉ឺន រៀល។ ចំណែក គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ឧបត្ថម្ភដល់អ្នករបួសម្នាក់ថវិកា ១៥ ម៉ឺនរៀល។

ដោយឡែកសាខាកាកបាទក្រហមខេត្តកំពតវិញកាលពីថ្ងៃទី១៤ ខែកក្កដា លោកស្រី យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារមកពីឃុំ២នៃស្រុកអង្គរជ័យ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗមាន អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស និង ថវិកាចំនួន ៥ម៉ឺនរៀល។
ក្នុងឱកាសនោះលោកស្រី យូ សុគន្ធ បាននាំនូវការសាកសួរសុខទុក្ខពីប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលធ្វើឱ្យខូចខាតផ្ទះសម្បែង៕ ដោយ៖ សុខ រក្សា