រដ្ឋបាលខេត្តបន្ទាយមានជ័យបង្កើតក្រុមការងារដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងហាងបញ្ចាំ
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបង្កើតក្រុមការងារចុះដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលប្រជាពលរដ្ឋបានយកទៅដាក់បញ្ចាំនៅគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិការកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ និងកន្លែងបញ្ចាំនានាក្នុងភូមិសាស្រ្តខេត្ត។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ។
សេចក្តីសម្រេចបង្កើតក្រុមការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ បានចេញសេចក្តីណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្តត្រូវយកចិត្តទុកដាក់ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន។
សេចក្តីសម្រេចបង្កើតក្រុមការងារនេះ មានសមាសភាពចំនួន ២៥ រូប មកពីមន្ត្រី-ស្ថាប័នចំណុះ និងក្រោមឱវាទរបស់រដ្ឋបាលបន្ទាយមានជ័យ និងមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តជាប្រធាន និង លោក លី សារី អភិបាលរងខេត្តជាអនុប្រធាន ។
ក្រុមការងារនេះ មានតួនាទី ភារកិច្ចដឹកនាំការអនុវត្តយន្តការដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានយកទៅដាក់បញ្ចាំសម្រាប់ ធានាលើការផ្តល់ឥណទាន ឬកម្ចីនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅ ប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំនានាក្នុងភូមិសាស្ត្រខេត្ត។ ក្រុមការងារ មានសិទ្ធិប្រើប្រាស់មន្ត្រី និងកងកម្លាំងក្រោមឱវាទរបស់ខ្លួនក្នុងការបំពេញភារកិច្ចតាមការចាំបាច់ និងអាចកោះអញ្ជើញអ្នកពាក់ព័ន្ធចូលរួមកិច្ចប្រជុំនានា។
ក្រោយការសម្រេចបង្កើតក្រុមការងានេះ រដ្ឋបាលក្រុប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៥ ខែកក្កដានេះ បញ្ជាក់ថា អាជ្ញាធរខេត្ត នឹងចុះដកយកអត្តសញ្ញាណប័ណ្ណ ពីហាងបញ្ចាំ ឬអ្នកផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋវិញ និងស្នើឱ្យម្ចាស់ហាងបញ្ចាំឬអ្នកផ្តល់ប្រាក់កម្ចី សហការ ចៀសវាងមានទោស។
ពាក់ព័ន្ធការងារនេះ លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដានេះថា រដ្ឋបាលខេត្តមិនទាន់មានតួលេខជាក់លាក់ចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលពលរដ្ឋយកទៅបញ្ចាំនោះទេ។ ប៉ុន្តែលោកថា ក្រុមការងារនឹងធ្វើការចុះស្រាវជ្រាវ និងដកហូត ជូនប្រជាពលរដ្ឋវិញ ក្រោយក្រុមការងារនេះបង្កើតហើយ។
លោកបញ្ជាក់ទៀតថា៖« តាមការប៉ាន់ស្មានរបស់លោក នៅក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ក្នុងចំណោម ស្រុកផ្សេងទៀត មានប្រជាប្រពលរដ្ឋ យកអត្តសញ្ញណបណ្ណទៅបញ្ចាំច្រើន ព្រោះជាទីតាំប្រមូលផ្តុំទៅដោយអាជីវកម្ម និងចេញចូលរបស់ជនបរទេស» ។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងថា វិធានការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅពេលនេះ គឺជាវិធានការមួយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបំពេញលក្ខខណ្ឌរបស់ប្រជាពលរដ្ឋ ដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ខែកក្កដាខាងមុខនេះ។ ឯកឧត្តមថា៖« ព្រោះតាមច្បាប់ គឺប្រជាពលរដ្ឋមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណជាតិខ្មែរ»។
យោងតាមលិខិតណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ។ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា៕ ដោយ៖ គឹម យុត្ថារ៉ូ