ឯកឧត្តម ឌិត ទីណា៖ គោលនយោបាយលើវិស័យកសិកម្មបួនចំណុចសំខាន់ៗ នឹងត្រូវអនុវត្តនាអាណត្តិទី៧ ក្នុងករណីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា បានថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជាលើវិស័យកសិកម្ម ដែលចង់ផ្តល់ផលប្រយោជន៍ដល់ប្រពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកផលិត និងអ្នកទទួលទាន គណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយយ៉ាងច្រើន ក្នុងនោះមានគោលនយោបាយលើវិស័យកសិកម្មបួនចំណុចសំខាន់ៗ។

ឯកឧត្តម ឌិត ទីណា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងជាតំណាងគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងបែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រធានបទទី១២ «គោលនយោបាយលើវិស័យកសិកម្ម» របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានថ្លែងដូច្នេះ៖« តាមពិតវិស័យផ្សេងដោយសារតែមានការអភិវឌ្ឍខ្ពស់ បានផ្តល់នូវចំណូលដល់សេដ្ឋកិច្ចយ៉ាងច្រើនជាងវិស័យកសិកម្មទៅទៀត។ក៏ប៉ុន្តែវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់គណបក្សប្រជាជនកម្ពុជា ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ចង់ឃើញប្រជាពលរដ្ឋយើងមានស្បៀងអាហារគ្រប់គ្រាន់ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។ដូចយើងបានឃើញស្រាប់នៅពេលដែលយើងឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃជំងឺកូវីដ១៩ ប្រទេសយើងមិនបានជួបប្រទះនូវបញ្ហាស្បៀង ដូចប្រទេសផ្សេងៗដែលខ្វះស្បៀង ហើយស្បៀងឡើងថ្លៃនោះទេ»។

ឯកឧត្តមបានបន្ថែមថា ទស្សនៈវិស័យគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា លើវិស័យកសិកម្ម គឺចង់ផ្តល់ផលប្រយោជន៍ដល់ប្រពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកទទួលទាន ដែលមានចំនួនយ៉ាងច្រើន ក៏ដូចជា កសិករផងដែរ។ម្យ៉ាងវិញទៀតគណបក្សប្រជាជនកម្ពុជា ចង់ឃើញប្រជាកសិករមានជីវភាពធូរធា មានលទ្ធភាពផ្តល់អនាគតឱ្យកូនចៅរបស់ខ្លួន ឱ្យមានឱកាសដូចប្រជាពលរដ្ឋប្រជាជនផ្សេងៗទៀតផងដែរ។

បើតាមឯកឧត្តម ឌិត ទីណា គោលនយោបាយលើវិស័យកសិកម្មបួនចំណុចសំខាន់ៗ ដែលគណបក្សប្រជាជនបានដាក់ចេញនោះរួមមាន ទី១. គោលនយោបាយកសិកម្មផ្សារភ្ជាប់នឹងទីផ្សារ ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារនាំចេញ។ដើម្បីដល់គោលដៅ ដែលបានកំណត់ លោកបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងរៀបចំឱ្យមានផែនការទីផ្សារពិតប្រាកដ ដោយរៀបចំឱ្យមានការដាំដុះត្រូវនឹងតម្រូវការទីផ្សារ ហើយដើម្បីរក្សាស្ថិរភាពថ្លៃក្នុងស្រុក រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងទម្លាក់ថវិកា១០០លានដុល្លារ ដើម្បីរក្សាថ្លៃកសិផលក្នុងស្រុក។

ទី២. គោលនយោបាយកសាងសហគមន៍មួយរឹងមាំ ដើម្បីការពារប្រជាកសិករ ដែលជាសមាជិកសហគមន៍ ទល់នឹងបញ្ហាប្រឈមផ្សេងៗ ដូចជា បញ្ហាខ្វះទីផ្សារ បញ្ហាខ្វះទុនវិនិយោគ បញ្ហា ហានិភ័យអាកាសធាតុជាដើម។ការពង្រឹងសហគមន៍កសិកម្ម ដោយគណបក្សប្រជាជនកម្ពុជា នឹងផ្តល់អាទិភាពក្នុងការរៀបចំសហគមន៍កសិកម្មមួយថ្មី ដែលមានសមាហរណកម្មខ្ពស់ មានន័យថា សហគមន៍កសិកម្មថ្មី នឹងមានធនធានមនុស្សជាអ្នកដឹកនាំ មានសមត្ថភាព មានទុនវិនិយោគគ្រប់គ្រាន់ និងបច្ចេកទេសកសិកម្មខ្ពស់។ សហគមន៍ដែលត្រូវពង្រឹង រួមមានសហគមន៍ស្រូវ សហគមន៍បន្លែ សហគមន៍ស្វាយចន្ទី សហគមន៍ម្រេច សហគមន៍ចិញ្ចឹមសត្វ និងសហគមន៍នេសាទជាដើម។

ទី៣. គោលនយោបាយផ្តល់បច្ចេកទេសកសិកម្មដល់គ្រប់ឃុំ ដែលមានសកម្មភាពកសិកម្ម ដោយត្រៀមមន្រ្តីកសិកម្មប្រមាណ១៦០០នាក់។ គោលនយោបាយនេះ នឹងផ្តល់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រជាកសិករបានទាន់ពេលវេលា ទាំងបញ្ហាបច្ចេកទេស និងបញ្ហាទីផ្សារ និងទី៤ គោលនយោបាយនិរន្តភាព នៃបរិស្ថាន និងកសិកម្ម តាមរយៈការរក្សាធនធានព្រៃឈើ និងជលផល។ ក្រៅពីការអភិវឌ្ឍនោះ គឺការអភិរក្ស ក៏ជាចំណុចគោលមួយយ៉ាងសំខាន់ដែរ សម្រាប់គោលនយោបាយរបស់គណបក្សប្រជាជនផងដែរ។ការថែរក្សា ការពារធនធានធម្មជាតិ ព្រៃឈើ ជលផល ដោយផ្សារភ្ជាប់ទៅនឹងការពង្រឹងច្បាប់ដើម្បីប្រសិទ្ធភាព ដោយច្បាប់ថ្មី មិនផ្តោតសំខាន់តែលើការបង្រ្កាបបទលើ្មសប៉ុណ្ណោះទេ តែនឹងមានស៊ើបអង្កេតឱ្យហ្មត់ចត់ ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនជាដាច់ខាត។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជាថ្មីថា៖«គោលនយោបាយកសិកម្មរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិខាងមុខ គឺជាគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទាំងអ្នកទទួលទាន និងកសិករ ហើយជាពិសេសទៅទៀតគឺគោលនយោបាយដែលផ្តល់លំនឹងបរិស្ថាន ផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ដោយឡែកសម្រាប់គោលនយោបាយគណបក្សទាំង១៧ផ្សេងទៀតវិញ ដែលគណបក្សនីមួយៗ បានលើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រធានបទទី១២ «គោលនយោបាយលើវិស័យកសិកម្ម»នេះ ក៏បានបង្ហាញពីការជំរុញ នឹងលើកកម្ពស់ផលិតភាព និងការស្វែងរកទីផ្សារសម្រាប់ប្រជាកសិករផងដែរ៕ ដោយ៖ វណ្ណ សុជាតា

ads banner