សហរដ្ឋអាមេរិក ពន្យារពេលអនុម័តការបណ្តុះបណ្តាលអ៊ុយក្រែនបើកយន្តហោះចម្បាំង F-16
វ៉ាស៊ីនតោន៖ សារព័ត៌មាន Politico បានចុះផ្សាយថា បណ្តាប្រទេសអឺរ៉ុបនៅពុំទាន់ទទួលបានការអនុម័តជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តុះបណ្តាលក្រុមពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជាយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនៅឡើយទេ។
សម្ព័ន្ធមិត្តអន្តរជាតិដែលកំពុងស្វែងរកការជួយដល់ទីក្រុងកៀវ ទាំងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 និងការបណ្តុះបណ្តាលដល់ក្រុមពីឡុតអ៊ុយក្រែន ត្រូវបានប្រកាសលើកដំបូងដោយប្រទេសអង់គ្លេស និងហូឡង់កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។
សរុបមក មានប្រទេសចំនួន ១១ហើយ ដែលផ្តល់ការគំាទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយត្រូវបានរំពឹងថា នឹងបង្កើតឡើងនៅក្នុងប្រទេសរូម៉ានី។ យ៉ាងណាមិញ ក្រសួងការបរទេសអាមេរិកនៅពុំទាន់ផ្តល់ការយល់ព្រមលើសំណើនេះទេ ប៉ុន្តែក៏មិនមានការចង្អុលបង្ហាញណាមួយដែលថា សហរដ្ឋអាមេរិកនឹងមិនបើកភ្លើងបៃតងដល់សំណើខាងលើដែរ នេះបើតាមសារព័ត៌មាន Politico។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ហ្គារ៉ុន ហ្គើន បាននិយាយថា សំណើនេះកំពុងស្ថិតក្រោមការពិចារណា និងពិនិត្យនៅឡើយ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើយន្តហោះ F-16 ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែននោះ យន្តហោះទាំងនេះនឹងត្រូវកម្ទេច ដូចគ្នាទៅនឹងយោធូបករណ៍របស់លោកខាងលិចដទៃទៀតដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

