រុស្ស៊ី និងចិន គ្រោងធ្វើសមយុទ្ធជើងទឹក និងអាកាសរួមគ្នា
ប៉េកាំង៖ នាវាចម្បាំងចិនមួយក្រុម នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានចាកចេញពីប្រទេសចិន ដើម្បីធ្វើដំណើរទៅចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយយោធារុស្ស៉ី។
ចិន និងរុស្ស៊ីបានបង្កើនទំនាក់ទំនងការពារជាតិរវាងប្រទសទាំងពីរ រួមទាំងការធ្វើសមយុទ្ធយោធារួមគ្នាក្នុងប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្តែងក្រសួងការពារជាតិចិន បានបញ្ជាក់ថា សមយុទ្ធដែនអាកាស និងសមុទ្ររវាងចិន-រុស្ស៊ីសាជាថ្មីម្តងទៀត គ្រោងធ្វើឡើងនៅតំបន់សមុទ្រជប៉ុន ហើយមានគោលបំណង “ការពារផ្លូវសមុទ្រជាយុទ្ធសាស្ត្រ”។
យោធាចិនបានបញ្ជូននាវាចម្បាំងចំនួន ៥គ្រឿងទៅចូលរួមសមយុទ្ធនេះ ប៉ុន្តែក្រសួងការពារជាតិចិនមិនបានបញ្ជាក់ពីពេលវេលា ដែលសមយុទ្ធនេះនឹងធ្វើឡើងនោះទេ។ ចិន និងរុស្ស៊ីបានអនុវត្តការល្បាតតាមដែនអាកាសរួមគ្នាលើតំបន់សមុទ្រជប៉ុន និងចិនខាងកើតកាលពីខែមុន ហើយប្រការនេះបានជំរុញឱ្យកូរ៉េខាងត្បូងដាក់ពង្រាយយន្តហោះចម្បាំងជាការប្រុងប្រយ័ត្ន។ វាជាការល្បាតតាមដែនអាកាសរវាងចិន និងរុស្ស៊ីក្នុងតំបន់លើកទី ៦ ចាប់តាំងពីឆ្នាំ ២០១៩មក។
ប្រទេសចិនបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម។ ចិនបាននិយាយថា ខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះនេះ ហើយបានបដិសេធក្នុងការថ្កោលទោសការឈ្លានពាននេះ ដែលនាំឱ្យមានការចោទប្រកាន់ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនថា ទីក្រុងប៉េកាំងកំពុងអនុគ្រោះដល់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

