ជប៉ុនចេញការព្រមានពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ខណៈសីតុណ្ហភាពកើនឡើងខ្ពស់ជិតដល់កំណត់ត្រា

តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអាទិត្យម្សិលមិញ បានចេញការប្រកាសព្រមានពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ទៅដល់ប្រជាជនរាប់សិបលាននាក់ ខណៈដែលសីតុណ្ហភាពខ្ពស់កំពុងកើនឡើងជិតដល់កំណត់ត្រា។

រដ្ឋាភិបាលជប៉ុនបានចេញផ្សាយការជូនដំណឹងអំពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ទៅដល់ខេត្តចំនួន ២០ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន ដែលភាគច្រើនស្ថិតនៅភាគខាងកើត និងភាគនិរតី ដែលប៉ះពាល់ដល់មនុស្សរាប់សិបលាននាក់។

រលកកំដៅដ៏ខ្ពស់អាចសម្លាប់ជីវិតមនុស្សបាន តាមរយៈការបំផ្លាញប្រព័ន្ធសរសៃប្រសាទខួរក្បាល, តម្រងនោម និងសរីរាង្គដទៃទៀត ប៉ុន្តែវាក៏អាចបង្កឲ្យមានលក្ខខណ្ឌផ្សេងទៀតដូចជាជំងឺគាំងបេះដូង ឬបញ្ហាផ្លូវដង្ហើមជាដើម។

ជាមួយគ្នានេះ ទូរទស្សន៍ជប៉ុន NHK បានផ្សព្វផ្សាយការប្រកាសព្រមានដល់អ្នកទស្សនាថា រលកកំដៅគឺស្ថិតក្នុងកម្រិតគំរាមកំហែងដល់អាយុជីវិត ដោយសារសីតុណ្ហភាពកើនឡើងដល់ជិត ៤០អង្សាសេនៅកន្លែងខ្លះ រួមទាំងទីក្រុងតូក្យូ។

ការជូនដំណឹងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីក្រុងគីរីយូ ក្នុងខេត្តហ្កាន់ម៉ា បានមើលឃើញបារតវាស់សីតុណ្ហភាពកើនឡើងដល់ ៣៩.៧អង្សាសេ និងទីក្រុងហាឈីអូជី នៅភាគខាងលិចរដ្ឋធានីតូក្យូ ឡើងដល់ ៣៨.៩អង្សាសេ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។

សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសជប៉ុន គឺ ៤១.១អង្សាសេ ដែលត្រូវបានកត់ត្រាជាលើកដំបូងនៅទីក្រុងគូម៉ាហ្គាយ៉ា ក្នុងខេត្តសៃតាម៉ា ក្នុងឆ្នាំ ២០១៨ ហើយបន្ទាប់មកនៅទីក្រុងហាម៉ាម៉ាស៊ូ ក្នុងខេត្តស៊ីហ្ស៊ូអូកា ក្នុងឆ្នាំ ២០២០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner