ឯកឧត្តម សុខ សូកេន ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាលើកទី៣ នៃឃុំស្អាងភ្នំ និងចុះត្រួតពិនិត្យសមិទ្ធផលនានាក្នុងមូលដ្ឋានឃុំស្អាងភ្នំ
កណ្តាល ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជាឃុំស្អាងភ្នំ សរុបចំនួនប្រមាណ ៣០០នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ។
បន្ទាប់ពីបញ្ចប់ការហែរក្បួននៅក្នុងភូមិទាំង៩ ទូទាំងឃុំស្អាងភ្នំ ឯកឧត្តម សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិកគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនាតាមខ្នងផ្ទះរបស់សមាជិកគណបក្ស ដើម្បីពិនិត្យឯកសារបោះឆ្នោត និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។
នៅរសៀលថ្ងៃដដែល ឯកឧត្តម សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសមិទ្ធផលអភិវឌ្ឍមូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោលនិងអំពូលសូឡាចំនួន ១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការជួសជុលអគារសិក្សាជាដើម។
ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន ឯកឧត្ដម សុខ សូកេន បានរំលេចពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើងពីគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះទៀត ឯកឧត្ដម សុខ សូកេន ក៏បានអំពាវនាវដល់សកម្មជន សមាជិកសមាជិកាគណបក្ស ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប បានផ្តល់រយៈពេល ៣សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដល់គ្រប់
បណ្តាគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន១៧៥៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតចំនួន ៨១៨ ៤៥៩នាក់ និងមានគណបក្សនយោបាយឈរឈ្នោះ ចំនួន១២គណបក្ស ៕ ដោយ / គ្រី សម្បត្តិ





