តំបន់សេដ្ឋកិច្ចពិសេស សម្រេចបានទំហំវិយោគសរុបជាង ៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំ២០២៣

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៧ គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុបជាង ៣០០ លានដុល្លារ ដែលបង្កើតឱកាសការងាររហូតជាងពីរម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។

តាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីដើមសប្តាហ៍ កន្លងមកនេះ បានបង្ហាញថា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១១៣គម្រោង ទាំងគម្រោងខាងក្រៅ និងគម្រោងក្នុងតំបន់សេ ដ្ឋកិច្ចពិសេស ដែលមាន ទំហំវិនិយោគសរុបជាង មួយពាន់លានដុល្លារ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ភាគច្រើននៃគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ ហើយគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម-កែច្នៃ។

លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែកក្កដាថា ៖ «រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់ សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេស នោះទេ ហើយការលើកទឹកចិត្តសម្រាប់អ្នកវិនិយោ គក៏មិនខុសគ្នាដែរ»។

ជាមួយគ្នានោះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់ដែរ ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកវិនិយោគ ដោយសារតែ វាមានលក្ខណៈប្រមូលផ្តុំ ដែលអាចបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាស ឬឧស្សាហកម្មកែច្នៃផ្សេងៗនៅកម្ពុជា។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ។

លោកបាននិយាយថា ៖ «ជាការត្រឹមត្រូវណាស់ ដែលរដ្ឋាភិបាល មានការលើកទឹកចិត្តដល់ការវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេស ព្រោះថា តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចជា សម្រា ប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង»។

សូមរម្លឹកដែរថា កន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរាល់ពេលចុះទៅសំណេះ សំណាលជាមួយកម្មករនយោជិត នៅតាមបណ្តាលសហគ្រាសនានា ក្នុងតំប ន់សេដ្ឋកិច្ចពិសេស តែងតែចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ សម្ដេចតេជោតែងតែ បានបន្តលើកទឹកចិត្តវិនិយោគិនបង្កើនការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមរយៈការអភិវឌ្ឍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឲ្យអស់សក្តានុពល និងបានលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ ថែមទៀតផង។

នៅអំឡុងជួបកម្មករ កាលពីចុងខែមិថុនា ឆ្នាំ២០២៣នេះ នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត ខេត្តស្វាយរៀង សម្ដេចតេជោធ្លាប់បញ្ជាក់ដូច្នេះថា ៖ «តំបន់សេដ្ឋកិច្ចពិសេសព្រំដែន មិនមែនកើតពីនយោបាយគំរាមធ្វើសង្គ្រាម ដើម្បីគ្រាន់តែ ប្រជែងសន្លឹកឆ្នោតទេ។ ទីតាំងដែលយើងឈរជើងនេះ ក៏ប្រហែលជាទីតាំងដែលធ្លាប់មានគ្រាប់មីនដែរ។ ឥឡូវ ជាទីតាំង ដែលមានសុវត្ថិភាពសម្រាប់យើងបង្កើតទៅជាទីផ្សារលក់ដុំ ទីផ្សារនៅតាមទល់ដែន ដែលមានតំបន់សេដ្ឋកិច្ចពិសេ ស»។

សម្ដេចតេជោបានបន្តថា ៖ «យើងមិនមែនគ្រាន់តែធ្វើជាមួយវៀតណាមទេ យើងធ្វើជាមួយថៃ យើងបានធ្វើតំបន់សេដ្ឋកិច្ចពិសេ សនៅខាងខេត្តបន្ទាយមានជ័យ យើងធ្វើតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង។ នោះហើយជាគោលនយោបាយ(ជាក់លាក់និងប្រាកដនិយម) ដែលយើងបានដាក់ចេញ។ ភាពប្រថុយប្រថាននិងការប្រជែងដើម្បីគ្រាន់តែឈ្នះសន្លឹកឆ្នោត ហើ យគម្រាមធ្វើសង្គ្រាមជាមួយប្រទេសជិតខាងណាមួយ មិនមែនគោលជាគោលនយោបាយគួរឱ្យចាប់ចិត្ត ហើយត្រូវធ្វើការគាំទ្រតាមបែបជ្រុលនិយមនោះទេ»។

យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ទីតាំង ដោយក្នុងចំនួន៨ទីតាំងនៅខេត្តស្វាយរៀង, ៥ទីតាំងនៅខេត្តព្រះសីហនុ, ៤ទីតាំងនៅរាជធានីភ្នំពេញ, ៣ទីតាំងនៅខេត្តបន្ទាយមានជ័យ, ២ទីតាំង នៅខេត្តកណ្តាល, ១ទីតាំងនៅកោះកុង និង១ទីតាំងនៅកំពត។

តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចជា សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ៕
 ដោយ:វណ្ណ សុជាតា

ads banner