ឯកឧត្តម គង់ វិបុល៖ ចំណូលពន្ធនៅឆ្នាំ២០២៣ នឹងកើនលើសផែនការ
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលចំណូលពន្ធដារនៅឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងសម្រេចក្នុងរង្វង់ ១០៥ភាគរយ ពោលគឺបានលើសផែនការ ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី ១៣ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ខែដើម ឆ្នាំ២០២៣ អគ្គនា យ កដ្ឋានពន្ធដាររំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែ នការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ប្រមាណជា ៣ ៥៧១,៧០ លានដុល្លារ។
ឯកឧត្តមបានបន្ថែមថា នៅឆមាសទី១ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៥៨ភាគយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល អះអាងថា អគ្គនាយកដ្ឋានពន្ធដារត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យផលិតភេសជ្ជៈ និងផលិតផលបារី និងថ្នាំជក់ ដើម្បីធានាបាននូវនិរន្តរភាពចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ «អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តវិធានការបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះស ហគ្រាសដែលជំពាក់បំណុលពន្ធហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ជាពិសេស បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្តសហការចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDX) ឱ្យកាន់តែមានប្រសិទ្ធភាពនិងមានភាពគ្រប់ជ្រុងជ្រោយផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាន យល់ឃើញថា ដោយសារស្ថានភាពវិបត្តិសកល នាពេលបច្ចុប្បន្ន ដែលរួមមានបញ្ហាអតិផរណា បញ្ហាសង្រ្គាមអ៊ុយក្រែនជាដើម សុទ្ធតែអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ប៉ះពាល់ដល់ការវិនិយោគ និងខ្សែច្រវ៉ាក់ផលិតកម្មផងដែរ។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ថា ៖ «យើងដឹងហើយថា ចំណូលពន្ធដារ គឺជាចំណូលយ៉ាងសំខាន់របស់ប្រទេសនានានៅលើសកលលោក មិនមែនតែកម្ពុជា យើងនោះទេ។ ការប្រមូលចំណូលពន្ធខាងក្នុង ទាមទារឱ្យសកម្មភាពសេដ្ឋកិច្ច មានភាពរលូន ទើបការប្រមូលបានច្រើនទៅតាមនោះដែរ ជាពិសេសខ្សែច្រវាក់ផលិតកម្មក្នុងស្រុក»។
បើតាមឯកឧត្ដម គង់ វិបុលបានបញ្ជាក់ដែរថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣៥០០លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ ០០០ លានដុល្លារ៕
ដោយ:វណ្ណ សុជាតា

