លោក ពូទីន ចាត់ទុកការបញ្ជូនគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន ជាអំពើ “ឧក្រិដ្ឋកម្ម”
មូស្គូ៖ មេដឹកនាំរុស្ស៊ីបានព្រមានថា ប្រសិនបើអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅលើសមរភូមិ នោះរុស្ស៊ីនឹងរក្សាសិទ្ធិក្នុងការសងសឹកដោយអាវុធប្រភេទនេះតបតទៅវិញ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅការបញ្ជូនគ្រាប់បែកចង្កោមរបស់អាមេរិកទៅឱ្យអ៊ុយក្រែនថា ជាអំពើ “ឧក្រិដ្ឋកម្ម”។ ការថ្លែងបែបនេះរបស់លោក ពូទីន ចង់សំដៅដល់សេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយអតីតលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ជែន ផ្សារគី កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីផ្ទុះជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះលោកស្រីបាននិយាយថា ការប្រើប្រាស់គ្រាប់បែកចង្កោមអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”។
លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា រុស្សីមានឃ្លាំងស្តុកអាវុធគ្រប់គ្រាន់នៃប្រភេទគ្រាប់បែកចង្កោមផ្សេងៗ… រហូតមកទល់ពេលនេះ យើងមិនទាន់បានប្រើប្រាស់វានៅឡើយទេ ព្រោះយើងគិតថា មិនចាំបាច់ប្រើវាទេ។ ប៉ុន្តែក្នុងករណី ដែលអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោមប្រឆាំងនឹងពួកយើង នោះយើងនឹងរក្សាសិទ្ធិក្នុងការសងសឹកដោយអាវុធប្រភេទនេះតបតទៅវិញ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសពីការសម្រេចចិត្តក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យទីក្រុងកៀវកាលពីដើមខែនេះ ហើយមន្ត្រីអាមេរិកក៏បានអះអាងនាពេលថ្មីៗនេះដែរថា គ្រាប់បែកចង្កោមត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែនហើយ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


