​ភ្លៀង​ធ្លាក់​ខ្លាំង​​បង្កជា​ទឹក​ជំនន់​ សម្លាប់​មនុស្ស​ ៣៧​នាក់​ នៅ​កូរ៉េ​ខាង​ត្បូង​

សេអ៊ូល៖មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៧ នាក់បាន​ស្លាប់​ និង​ប្រាំពីរនាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​ ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំ​ង​ដែល​បង្ក​ជា​ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​ នៅ​កូរ៉េខាង​ត្បូង​ក្នុង​រយៈ​ពេល​ប៉ុន្មានបួន​ថ្ងៃ​​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រសួង​មហាផ្ទៃ​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​​ថា​ ចំនួន​អ្នក​ស្លាប់ ​និង​បាត់​ខ្លួន​ទាំង​ ៤៦ នាក់​ ​ដែល​​គេ​រាយកា​រណ៍​ទូទាំង​ប្រទេស​ ភាគ​ច្រើន​កប់​ក្នុង​ដី​ដែល​រអិល​បាក់​ និង​ទឹក​ជំនន់​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ ។ ​

នៅ​​ខេត្ត​ North Chungcheong វិញ​ ក្រសួងបាន​​និយាយ​ថា​  ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រាប់​រយ​នាក់​ ពិបាក​នឹង​ការ​​យក​រថយន្ត​ជាង​ ១០ និង​មនុស្ស​មួយ​ចំនួន​ ដែល​ជាប់​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​​ប្រវែង​ ៤៣០ ម៉ែត្រ ដែល​ទឹក​ជន់​លិច​ ​ក្នុងក្រុង​​ Cheongju ។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ទាញ​យក​សាក​សពចំនួន​ ៩ ​ពី​ក្នុង​នោះ។

បើ​តាម​សេចក្ដី​​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ ​ផ្លូវ​រូង​ក្រោម​ដី​​ត្រូវ​បាន​ជន់​លិច​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ភ្លាម​ៗ​ ដែល​ធ្វើ​ឱ្យ​រថយន្ត​ជាប់​នៅ​ខាង​ក្នុង​បើក​គេច​មិន​ទាន់​។  ​

​ចំណែក​ឯអ្នក​​ស្លាប់​ និង​របួស​ទាំង​អស់​ មានចំនួន ២៧ នាក់​ នៅ​ខេត្ត​ North Gyeongsang វិញ​ ភាគ​ច្រើ​ន​ដោយ​សារតែ​ការ​រអិល​បាក់​ដី​​ដ៏​ធំ​នៅ​តំបន់​ភ្នំ​ ដែល​​លេប​ត្របាក់​ផ្ទះ​ប្រជាជន​។ ​ក្រសួង​មហាផ្ទៃ​បាន​និយា​យ​​ទៀត​ថា​ មនុស្ស​មួយ​ចំនួន​​ បាន​បាត់​ខ្លួន​នៅ​ពេល​ទឹក​ហូរទន្លេ​ក្នុង​ខេត្ត​ ​អូស​យក​ទៅ។ ​

កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ យូន ស៊កយល​ ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ក្រៅ​ប្រទេស​ បាន​​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​​ជំនួយ​ការ​របស់​លោក​ ស្តី​ពី​ការ​ឆ្លើយ​តបគ្រោះ​មហន្តរាយ​​របស់​រដ្ឋាភិបាល​។​ លោក​បាន​បញ្ជា​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​កូរ៉េខាង​ត្បូង​ លោក​ Han Duck-soo ​ប្រមូល​ធ​ន​ធាន​ដែល​មាន​ទាំង​អស់​ ចេញ​ប្រតិបត្តិការ​ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​។​

ទន្ទឹម​នឹង​នេះ​ផង​ដែរ​រដ្ឋបាល​ឧតុនិយម​កូរ៉េ​បាន​ព្យាករណ៍​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​ទូទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃ​ពុធ​ ហើយ​បាន​ជំរុញ​សាធារណជន​ឱ្យ​​ជៀស​វាង​ការ​ចេញ​​ក្រៅ​។

គួរ​បញ្ជាក់​ថា​ កូរ៉េ​ខាង​ត្បូង​តែង​តែ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​អំឡុង​​​មូសុង​រដូវ​ក្តៅ ​ប៉ុន្តែ​ជា​ធម្មតា​ប្រទេ​ស​នេះ​​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ ហើយ​​ចំនួន​អ្នក​ស្លាប់​ក៏​មាន​កម្រិត​ទាប​។​ ប្រទេស​នេះ​​ប្រឈម​មុខ​នឹង​​ជំនន់​​ទឹក​ភ្លៀង ​និង​​ទឹក​ជំនន់​​ដែល​​បំបែក​​កំណត់ត្រា​​កាល​ពី​​​ឆ្នាំ​មុន ​ដែល​​បាន​​បណ្តាល​​ឲ្យ​​មនុស្ស​​​ ១១ ​នាក់​​ស្លា​ប់​​​។​ រដ្ឋាភិបាល​បាន​និយាយ​នៅ​ពេល​នោះ​​ថា​ ទឹក​ជំនន់​ឆ្នាំ​ ២០២២​ កើត​ឡើង​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​​មិន​ធ្លា​ប់​មាន​ចាប់​តាំង​​ពី​​កំណត់​​​ត្រា​អាកាសធាតុ​នៅ​​​ទីក្រុង​សេអ៊ូល​ បាន​ចាប់​ផ្តើម​ដំណើរការ​កាល​ពី​ ១១៥ ឆ្នាំ​មុន​។  ​

​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​​​ធាតុ​អាកាស​ផ្សេង​ៗ​​កាន់​តែ​ធ្ងន់​ធ្ងរ​ និង​ញឹក​ញាប់​ទៅ​ៗ​ ​នៅ​ជុំ​វិញ​ពិភព​លោក​ រួម​ទាំង​នៅ​កូរ៉េខាង​ត្បូង​ផង​ដែរ៕

ដោយ៖ហួន ឌីណា ប្រភព​៖ Heavy rains, flooding leave 37 dead in South Korea  

ads banner