ក្លិបតេក្វាន់ដូ ITF ចំនួន ៣បង្ហាញភាពលេចធ្លោខ្លាំងក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFបានថ្លែង ប្រាប់អ្នកព័ត៌មានកីឡាក្រោយបញ្ចប់ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៦ ខែ កក្តដាម្សិលិញថា ក្នុងចំណោម ១៦សមាគមន៍- ក្លិបចូលរួមប្រកួតប្រជែង គឺមានក្លិបចំនួន៣ដែលបានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ មានក្លិបក្តិចាស់ ក្លិបកោះកុង និងក្លិបខេត្ត កំពង់ស្ពឺ ។

លោកថា ក្លិបទាំង៣នេះ សហព័ន្ធនឹងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗបញ្ចូលជាក្រុមជ្រើសជាតិហ្វឹកហាត់ត្រៀមចូលរួមការប្រកួតអន្តរជាតិផ្សេងៗតំណាងកម្ពុជា។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា បើទោះបីកីឡាស៊ីហ្គេម លើកទី៣២ តេក្វាន់ដូITF មិនបានចូលរួមដូចការគ្រោងទុកដោយសារតែមានការជំទាស់ពីបណ្តាប្រទេសមួយចំនួនយ៉ាងណាក្តី ប្រធានសហព័ន្ធរូបនេះ គឺបានកោតសសើរយ៉ាងខ្លាំង ដោយសហព័ន្ធកីឡាមួយនេះ នូវរក្សាកម្លាំងសាមគ្គីបានយ៉ាងល្អ មិនមានការបែកខ្ញែកគ្នា នូវតែបន្តរក្សាការខិតខប្រឹងប្រែងហ្វឹកហាត់ជានិច្ច ។

ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ទៀតថា ជើងឯកថ្នាក់ជាតិនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្រិតសម្រាំងបានកីឡាករកីឡាការិនីដែលមានបច្ចេកទេសខ្ពស់មានទេពកោសល្យនិងសមត្ថភាព មានស្មារតី អង្គអាចក្លាហាន ដែលអាចទៅចូលរួមការប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នៅប្រទេសកាហ្សាក់ស្ថាន ។

សូមបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះមានក្លិបចូលរួមប្រកួតសរុប១៦ ក្នុងនោះក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈកំពូលតារាង ដោយដណ្តើមបានមេដាយមាស ៦ ប្រាក់២ និងសំរិទ្ធ៣ សរុប១១គ្រឿង ក្រសួងមហាផ្ទៃ ស្ថិតនៅលេខ២ ដណ្តើមបានមេដាយមាស ៥ ប្រាក់៦ និងសំរិទ្ធ៤ សរុប១៥គ្រឿង ចំណែកលេខ៣ ក្លឹបពន្លឺយុវជន ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយមាស៤ ប្រាក់៣ និងសំរិទ្ធ៤ សរុប១១គ្រឿង ៕


អត្ថបទ ៖ ជាវ ចន្ធូ