លោក ពូទីន គំរាមប្រើ «គ្រាប់បែកចង្កោម» ដែលរុស្ស៊ីមានច្រើនក្នុងឃ្លាំង
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីមានគ្រាប់បែកចង្កោមក្នុងស្តុកគ្រប់គ្រាន់ហើយនឹងប្ដូរសិទ្ធិឱ្យយោធារបស់ខ្លួនអាចប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនបាន ប្រសិនបើអ៊ុយក្រែនប្រើអាវុធប្រភេទនេះដើម្បីកម្ចាត់ទ័ពរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋថា ៖ «ខ្ញុំចង់ប្រាប់ថា សហព័ន្ធរុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមប្រភេទផ្សេងៗគ្នាគ្រប់គ្រាន់។ យើងមិនទាន់បានប្រើវានៅឡើយទេ។ ប៉ុន្តែជាការពិតណាស់ ប្រសិនបើគ្រាប់បែកប្រភេទនេះ ត្រូវបានប្រើដើម្បីប្រឆាំងនឹងយើងនោះ យើងនឹងឆ្លើយតបសកម្មភាពដូចគ្នាទៅវិញ»។
មេដឹកនាំរុស្ស៊ីដដែលបានបន្តថា លោកចាត់ទុកការប្រើប្រាស់គ្រាប់បែកចង្កោមថាជាឧក្រិដ្ឋកម្ម ហើយរហូតមកដល់ពេលនេះ រុស្ស៊ីមិនចាំបាច់ប្រើប្រាស់វាដោយខ្លួនឯងទេ ទោះបីជាធ្លាប់ទទួលរងនូវបញ្ហាខ្វះគ្រាប់ក៏ដោយ។
ការព្រមានរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែកក្កដាថា ខ្លួនបានទទួលគ្រាប់បែកចង្កោមពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដែលនិយាយថា គ្រាប់បែកប្រភេទនេះចាំបាច់សម្រាប់ប្រឆាំងនឹងកងទ័ពរុស្ស៊ីដែលប្រើគ្រាប់បែកផ្លោង ជាពិសេសក្នុងអំឡុងពេលដែលក្រុងកៀវកំពុងធ្វើប្រតិបត្តិការវាយបក។
គួរបញ្ជាក់ថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ដោយសារតែវាមានគ្រោះថ្នាក់ខ្ពស់លើជនស៊ីវិល នៅពេលវាបញ្ចេញគ្រាប់តូចៗពេលទម្លាក់ទៅ។ គ្រាប់ខ្លះមិនផ្ទុះ អាចបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ ជាពិសេសចំពោះកុមារ។
កន្លងមក អ៊ុយក្រែនបានអះអាងថា ខ្លួននឹងប្រើគ្រាប់បែកចង្កោមដើម្បីរំសាយការប្រមូលផ្តុំទាហានសត្រូវពេលព្យាយាមដណ្តើមយកទឹកដីខ្លួនវិញ ប៉ុន្តែនឹងមិនប្រើវានៅលើទឹកដីរុស្ស៊ីនោះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះ។ រុស្ស៊ី អ៊ុយក្រែន និងអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរអាវុធប្រភេទនេះ នោះទេ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Putin says Russia has stockpiled cluster bombs and will use them in Ukraine if it has to