សម្តេចក្រឡាហោម ស ខេង៖ អ្នករារាំងប្រជាពលរដ្ឋ មិនឲ្យចេញទៅបោះឆ្នោត និងញុះញង់ណែនាំឲ្យគូសសន្លឹកឆ្នោតចោល គឺខុសច្បាប់

(ព្រៃវែង)៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជា ជនកម្ពុជា នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រៃវែង បានមានប្រសាសន៍ថា អ្នកដែលរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅឆ្នោត គឺខុសច្បាប់ ហើយអ្នកដែលញុះញង់ ឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ក៏ខុសច្បាប់ដែរ។

សម្តេចក្រឡាហោម បានបន្តថា នៅពេលបោះឆ្នោតម្តងៗមានក្រុមមនុស្សមួយចំនួន តែងតែចង់បំផ្លាញសន្តិភាព និងស្ថិរភាព នៅកម្ពុជា ពោលគឺបំផ្លាញការបោះឆ្នោត តាមរយៈការគូសសន្លឹកឆ្នោតចោល។ មួយវិញទៀត ចង់បំផ្លាញសុខសន្តិភាព តាមរយៈបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ។

សម្តេចអនុប្រធានគណបក្ស មានប្រសាសន៍ថា គោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល នឹងបន្តការពារសុខសន្តិភាព ធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅសុខសាន្ត ។ សម្ដេចបញ្ជាក់ថា កិច្ចការចម្បងមួយទៀត គឺការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដោះស្រាយបញ្ហាមនុស្ស ផ្លូវ ភ្លើង ទឹក ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង។

គួរជម្រាបថា ក្រៅពីពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា នៅទីស្នាក់ការបក្សស្រុកព្រះស្តេច, នៅថ្ងៃដដែលនេះ សម្តេចក្រឡាហោម ស ខេង បានចុះជួបសួរសុខទុក្ខ សមាជិក សមាជិកា ជាច្រើនឃុំទៀត ក្នុងស្រុកចំនួន៤ នៃខេត្តព្រះវែង គឺនៅគឺស្រុកព្រះស្តេច ពាមជរ មេសាង និងស្រុកកំពង់ត្របែក។

សូមជម្រាបថា មណ្ឌលព្រៃវែង មាន ១២គណបក្សនយោបាយ បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner