កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវស្តីពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថា កម្ពុជា ផ្តល់អាទិភាពខ្ពស់ ចំពោះតួនាទីនៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរីរបស់ខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពរស់រវើកនិងប្រកបដោយថាមវន្ត។

សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា ការគ្របដណ្តប់ នៃសេវាទូរស័ព្ទចល័តខ្ពស់ ដែលមានតម្លៃទាបជាងគេបំផុតក្នុងតំបន់បានពង្រឹងសិទ្ធិ អំណាចពលរដ្ឋទូទៅដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចការសាធារណៈ។

សេចក្តីថ្លែងការណ៍បន្តថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរី និងបើកចំហរ ដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ ០០០ និងអង្គភាពព័ត៌មានជាង ២ ០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការត្រួតពិនិត្យ ឬរឹតត្បិត ដែលបានរួមចំណែកក្នុងការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបន្ថែមថា គណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខ ដែលនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់នៃបរិយាកាសពហុបក្សនិងប្រជាធិបតេយ្យ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា ការផ្ដល់ព័ត៌មានមិនពិតនិងការបំភ្លៃព័ត៌មានជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សេរីភាព បញ្ចេញមតិនិងវិស័យដទៃទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុនេះ កម្ពុជាដោយសហការជាមួយភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល រួមមាន យុទ្ធនាការលើកកម្ពស់ការយល់ដឹងនិងការដាក់ចេញ ឯកសារណែនាំនានាសម្រាប់អ្នកកាសែត និងអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងការជឿទុកចិត្តក្នុងប្រពន្ធ ផ្សព្វផ្សាយនិងធានាការផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានដល់សាធារណជន។

សូមជម្រាបថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៥៣ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៣៨ ព្រមទាំងបានអនុម័តសេចក្ដីសម្រេចសរុបចំនួន៣០ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៤សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍ សរុបចំនួន ២០លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់និង ការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner