២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងជាថ្មីម្តងទៀត បន្ទាប់ពីរកមិនឃើញអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧០៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន១០៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២០០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ឥណ្ឌូនេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៩ម៉ឺន ១៥០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៥៣៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១ លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕