រយៈពេល៦ខែដើមឆ្នាំ កម្ពុជាទទួលបានទំហំពាណិជ្ជកម្មពីដៃគូ RCEP ចំនួនជាង៤ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មរបស់កម្ពុជានាំចេញទៅកាន់ប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានជាង៤ពាន់លានដុល្លារ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសរសេរក្នុងរបាយការណ៍បញ្ជាក់ថា ទំហំនាំចេញនេះ បានកើនឡើង២៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា បានបង្ហាញថា ការនាំចូលរបស់កម្ពុជាពីប្រទេស RCEP មានទំហំទឹកប្រាក់សរុបជាង១០កណ្តក់សញ្ញា ៧ពាន់លានដុល្លារអាមេរិក ដែលការនាំចូលនេះ បានថយចុះ ១៧ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទីផ្សារធំបំផុតរបស់កម្ពុជាសម្រាប់ការនាំទំនិញក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ គឺប្រទេសវៀតណាម ដោយមានទំហំទឹកប្រាក់១ពាន់៤២៩លានដុល្លារ, ប្រទេសថៃ ៥២៧លានដុល្លារ និងនិងប្រទេសសិង្ហបុរី ៤១៥លានដុល្លារ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្ម ចំនួនប្រាំគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិក។

ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក, កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានទំហំអត្រាផលិតផលក្នុងស្រុកសរុបជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក, និង២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ភាគរយនៃការវិនិយោគពិភពលោក។

ads banner