ឆ្នាំនេះផ្សិតដុះច្រើន ធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំងរីករាយ ព្រោះ បានចំណូលច្រើន

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៃសហគមន៍សាមគ្គីអមលាំង ក្នុងឆ្នាំនេះក៏ ដូច ជា ឆ្នាំមុនៗដែរបាននាំគ្នាប្រមូលផលផ្សិតពីក្នុងព្រៃធម្មជាតិនៃ សហគមន៍ របស់ខ្លួន ។ផ្សិតដែលដកបានក្រៅធ្វើម្ហូបបរិភោគផលផ្សិត ជាច្រើនត្រូវបាន យក មក ដាក់លក់តាមដង ផ្លូវជាហូរហែ។ជាការកត់ សម្គាល់ឆ្នាំនេះមានការលក់ដូរច្រើនជាងឆ្នាំកន្លងៗមក។

បើយើងធ្វើដំណើរតាមដងផ្លូវលេខ៤៤ នៅពេលទៅដល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នោះយើងនឹងបានឃើញការលក់ដូរផ្សិតជាច្រើនប្រភេទដូចជា ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតដំបូក ផ្សិតពពេល និង ផ្សិតកញ្ចូជាដើម។ ការលក់ដូរចាប់ផ្តើមតាំងពីព្រឹកព្រលឹមរហូត ដល់ ពេលរសៀល។

អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំងបានឱ្យដឹងថា ចាប់ពីចុងខែមិថុនា ពិសេសចាប់ពីដើមខែកក្កដានេះ ពលរដ្ឋ ភាគ ច្រើនអាចរកបាននូវផ្សិតច្រើនប្រភេទដែលមិនមានជាតិពុល ពីក្នុង ព្រៃធម្មជាតិយកមកបរិភោគផង និងលក់ដូរផងដើម្បីបាន ជាចំណូល សម្រាប់គ្រួសារ។ តាមរយៈការលក់ដូរពួកគាត់អាច រកចំណូល បានចន្លោះពីពីរម៉ឺនរៀលរហូតដល់១០ម៉ឺនរៀល។

ប្រធានសហគមន៍រូបនេះបានឱ្យដឹងទៀតថាប្រជាសហគមន៍សាមគ្កីអមលាំងមានចំនួន៦០០គ្រួសារនិងមានសមាជិកសរុប១ ២០២នាក់។ពួកគាត់បានរួមគ្នាថែរក្សាការពារធនធានធម្មជាតិ និង តែងអាស្រ័យ ផល ពីអនុផលព្រៃឈើ ក្នុងនោះមាន ផ្សិតនេះផងដែរ។

កញ្ញា ស្រី ចិន ដែលកំពុងអង្គុយលក់ផ្សិតតាមដងផ្លូវស្ថិតនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពងបានប្រាប់ថា ផ្សិតឆ្នាំនេះ សម្បូរច្រើន ជាង ឆ្នាំ មុនៗ។ផ្សិតដែលកញ្ញាយកមកលក់នេះ គឺបានទិញពីប្រជាសហគមន៍ មកដាក់លក់បន្តដោយបានប្រាក់កម្រៃច្រើនគួរសម។ក្នុង មួយ ថ្ងៃ កញ្ញា អាចលក់ផ្សិតបានរហូតជិត៥០គីឡូក្រាមក៏មានដែរ។

ចំណែក អ្នកស្រី សាយ គីន រស់នៅភូមិទំនាប ឃុំអមលាំង ដែល ជាអ្នកចូលព្រៃដកផ្សិតយកមកលក់បាននិយាយថា ក្នុងមួយថ្ងៃអ្នក ស្រីអាចរកចំណូលបានពី បីម៉ឺន ទៅដល់ជិត១០ម៉ឺន រៀល ពីការ លក់ផ្សិត។ផ្សិតដែលអ្នកស្រីរកបានមានដូចជា ផ្សិតក្ងោក ផ្សិតប៉ក់ ផ្សិតដំបូក ជាដើម។

ស្រ្តីវ័យ៤០ឆ្នាំរូបនេះបានប្រាប់ដែរថា ផ្សិតដែលដកបានពីក្នុងព្រៃ សហគម ន៍យកមកដាក់លក់ដាច់នគួរសម ។អ្នកទិញភាគ ច្រើនជា អ្នក ទេសចរឬអ្នកដំណើរមកពីភ្នំពេញ និងអ្នកធ្វើដំណើរពីចម្ងាយ ដែលឆ្លង កាត់ទីនេះ។

គួរបញ្ជាក់ថា កម្ពុជាមានសហគមន៍ព្រៃឈើច្រើនកន្លែង និងបាន អនុញ្ញាត ឱ្យប្រជាពលរដ្ឋអាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។ អនុផល ព្រៃ ឈើ ដែលពលរដ្ឋទទួលបាន តាមរយៈបេះផ្លែឈើ បោចវល្លិ៍ បេះបន្លែស្លឹកឈើ និងដកផ្សិតព្រៃជាដើម៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner