រដ្ឋមន្រ្តីក្រសួងការងារ៖ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង បានរួមចំណែកលើក ស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់ មនុស្សជំនាន់ក្រោយ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួល កប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធាន ប្រតិបត្តិសមាគម ចូលសម្ដែងការគួរសមកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក  ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើប បង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ ចក្ខុវិស័យ និងគោលបំណង របស់ សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូល ធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។

សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាក គឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ ដែលពួកគាត់ភាគច្រើនសុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់ ៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយ ដែលមាន ទេពកោសល្យខាងតូរ្យតន្រ្តី។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញនូវការពេញចិត្ត និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូលធនធានមនុស្សវ័យចំណាស់ជំនាន់មុនដែលមានទេពកោសល្យនិងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយ បានបង្កើតបាននូវស្នាដៃក្នុងជំនាន់នីមួយៗ  ដើម្បីប្រមូលផ្តុំគ្នា ជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយ វប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ ពី ប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាង ការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យ មាន ការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀង មរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជា កូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សា មរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុង កសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី។ ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី នឹងរៀបចំដាក់កម្មវិធីបណ្ដុះបណ្ដាលផ្នែកតូរ្យតន្រ្តីនេះ ទៅក្នុងគម្រោងនៃគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងយុវជន ១,៥លាននាក់ ដែល រាជរដ្ឋាភិបាល នឹងផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ហើយ ថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។ សេវាកម្មតូរតន្ត្រីក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាម សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានាក៏ត្រូវការសេវាក ម្មតូរ្យតន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិយើងផង៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner