ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញ បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល ។

មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner