មេដឹកនាំអាហ្រ្វិកខាងត្បូង៖ ការចាប់ខ្លួនលោក ពូទីន នឹងក្លាយជាការប្រកាសសង្គ្រាម
ប្រេតូរីយ៉ា៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ៃរ៉ល រ៉ាម៉ាផូសា (Cyril Ramaphosa) បានថ្លែងថា រាល់ការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពេលលោកបំពេញទស្សនកិច្ចទៅអាហ្វ្រិកខាងត្បូងនៅខែក្រោយនឹងក្លាយជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី។
លោក រ៉ាម៉ាផូសា បាននិយាយក្នុងឯកសារតុលាការ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ យ៉ាងដូច្នេះថា ៖ «រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ការចាប់ខ្លួនប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់ខ្លួន នឹងក្លាយជាការប្រកាសសង្គ្រាម»។
គួរបញ្ជាក់ថា លោក ពូទីន រំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសប៊្រីក(BRICS) នៅទីក្រុងចូហានណេសប៊ឺកនៅខែក្រោយ។ ប៉ុន្តែលោកស្ថិតនៅក្រោមគោលដៅនៃដីកាចាប់ខ្លួនរបស់តុលាការឧក្រិ ដ្ឋកម្មអន្តរជាតិ (ICC) ដែលតាមបទប្បញ្ញត្តិ អាហ្វ្រិកខាងត្បូងត្រូវចាប់ខ្លួនលោក ក្នុងនាមជាប្រទេសសមាជិក ICC។
កន្លងមក គណបក្សប្រឆាំងឈានមុខគេរបស់អាហ្វ្រិកខាងត្បូង គឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) បានទាមទារតវ៉ាក្នុងតុលាការ ឱ្យរដ្ឋាភិបាលរបស់លោក រ៉ាម៉ាផូសា ធានាថា នឹងចាប់ខ្លួនលោក ពូទីន ប្រគ ល់ឱ្យ ICC នៅពេលមេដឹកនាំរុស្ស៊ីរូបនេះ ឈានជើងចូលប្រទេសរបស់ខ្លួន។
ប៉ុន្តែក្នុងការឆ្លើយតបកាលពីថ្ងៃអង្គារ លោក រ៉ាម៉ាផូសា បានលើកឡើងថា ការទាមទាររបស់ DA «គ្មានការទទួលខុសត្រូវ» ដែលអាចធ្វើឱ្យសន្តិសុខជាតិជួបបញ្ហា។ យោងតាម រ៉ាម៉ាផូសា អាហ្រ្វិកខាងត្បូងកំពុងស្វែងរកការលើកលែងនៅក្រោមច្បាប់ ICC ដោយផ្អែកលើភាពជាក់ស្ដែងដែលថា ការអនុម័តការចាប់ខ្លួនលោក ពូទីន អាចគំរាមកំហែងដល់ «សន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់របស់រដ្ឋ»។
មេដឹកនាំអាហ្វ្រិកខាងត្បូងនិយាយថា ៖ «វានឹងមិនស្របនឹងរដ្ឋធម្មនុញ្ញរបស់យើង ក្នុងការប្រថុយធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ» ដែលវានឹងផ្ទុយពីកាតព្វកិច្ចរបស់លោកក្នុងការការពារប្រទេស។ លោកបន្តថា ការចាប់ខ្លួនលោក ពូទីន ក៏នឹងធ្វើឱ្យខូចដល់បេសកកម្មដឹកនាំដោយអាហ្វ្រិកខាងត្បូង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងរាំងស្ទះដល់ការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះប្រកបដោយសន្តិវិធី ផងដែរ។
យ៉ាងណាមិញ មេដឹកនាំ DA លោក John Steenhuisen បានពណ៌នាអំពីអំណះអំណាងរបស់ លោក រ៉ាម៉ាផូសា ដែលថាអាហ្រ្វិកខាងត្បូងប្រថុយនឹងសង្រ្គាមជាមួយរុស្ស៊ី ថាជា «ជ្រុលនិយម» និង «មិនសមរម្យ»។
លោកថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ពេលការសម្រេចចិត្តគោលនយោបាយបរទេស អាចបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាហ្រ្វិកខាងត្បូង និងបំផ្លាញសេដ្ឋកិច្ចរបស់យើង វាជារឿងសំខាន់ដែលរដ្ឋាភិបាលរក្សាកាតព្វកិច្ចរបស់ខ្លួនឱ្យបើកចំហ និងមានតម្លាភាព»។
គួរបញ្ជាក់ថា សន្ធិសញ្ញា ICC ចែងថា ប្រទេសជាសមាជិកគួរតែពិគ្រោះជាមួយតុលាការ នៅពេលខ្លួនកំណត់បញ្ហាដែលអាចរារាំងដល់ការអនុវត្តសំណើ ហើយថា តុលាការមិនអាចបន្តសំណើចាប់ខ្លួនបានទេ ប្រសិនបើវាតម្រូវឱ្យរដ្ឋជាសមាជិក បំពានច្បាប់អន្តរជាតិស្តីពីអភ័យឯកសិទ្ធិការទូត។
បច្ចុប្បន្ននេះ លោក ពូទីន ស្ថិតនៅក្រោមដីកាចាប់ខ្លួនរបស់ ICC លើបទចោទប្រកាន់ថា រុស្ស៊ីបាននិរទេសក្មេងអ៊ុយក្រែនដោយបង្ខំ និងខុសច្បាប់ទៅប្រទេសរបស់ខ្លួន ដែលនេះជាឧក្រិដ្ឋកម្មសង្គ្រាម៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ South Africa says arresting Putin would be ‘declaration of war’