អង្គការសុខភាពពិភពលោក (WHO) ព្រមានថា រលកកំដៅកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា រលកកំដៅអាក្រក់នៅអឌ្ឍគោលខាងជើង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំងឡើងដល់ប្រព័ន្ធសុខាភិបាលរបស់ពិភពលោក។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេស បានគូសបញ្ជាក់ថា រលកកំដៅអាក្រក់បានធ្វើឱ្យចំនួនអ្នកស្លាប់ហក់ឡើងខ្ពស់ ក្នុងចំណោមមនុស្សចាស់ ទារក និងកុមារ ក៏ដូចជាជនក្រីក្រ និងគ្មានផ្ទះសម្បែង។ លោក ថេដ្រូស បានប្រាប់សន្និសីទសារព័ត៌មានមួយថា រលកកំដៅអាក្រក់ក៏បានដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធសុខាភិបាលផងដែរ។

លោកថា WHO កំពុងធ្វើការជាមួយអង្គការឧតុនិយមពិភពលោក (WMO) ដើម្បីជួយដល់ប្រទេសនានាក្នុងការអភិវឌ្ឍផែនការសកម្មភាពអាកាសធាតុក្តៅ ដើម្បីសម្របសម្រួលការត្រៀមខ្លួន និងកាត់បន្ថយផលប៉ះពាល់នៃរលកកំដៅអាក្រក់ទៅលើសុខភាព។

បើតាមអង្គការសុខភាពពិភពលោក (WHO) រលកកំដៅញឹកញាប់ធ្វើឱ្យស្ថានភាពដែលមានពីមុនកាន់តែអាក្រក់ទៅៗ ហើយថា វាបានបង្កការព្រួយបារម្ភជាពិសេស ចំពោះអ្នកដែលមានជំងឺសរសៃឈាមបេះដូង, ជំងឺទឹកនោមផ្អែម និងជំងឺហឺត។ បច្ចុប្បន្នមនុស្សរាប់លាននាក់នៅទូទាំងទ្វីបចំនួនបី កំពុងស៊ូទ្រាំនឹងការរីករាលដាលនៃរលកកំដៅដ៏គ្រោះថ្នាក់៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា