ស្ថាប័នជំនាញជឿជាក់ថា ពូជស្រូវក្រអូបថ្មី «ចំប៉ីស៧០» របស់កម្ពុជានឹងមានលក់នៅលើទីផ្សារឆាប់ៗនេះ
ភ្នំពេញ៖ ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញការជឿជាក់ថា ពូជស្រូវក្រអូបមានឈ្មោះថា “ចំប៉ីស៧០”( CPS70) ដែលជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួនប្រាំដងគឺពូជស្រូវ “ផ្ការំដួល”នោះ នឹងមានចរន្តទិញលក់ នៅទីផ្សារនាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នពូជស្រូវនេះកំពុងត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់។ ការរំពឹងទុកនេះ បានបង្ហាញឡើងតាមរយៈវីដេអូ ដែលផ្សាយចេញដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈវីដេអូ ដែលមានរយៈពេលជាងបីនាទី លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ CARDI ដើម្បីអភិវឌ្ឍន៍ពូជស្រូវ«ចំប៉ីស៧០»នេះឡើង។ «ចំប៉ីស៧០» គឺជាពូជមានផលប្រយោជន៍ជាច្រើន វាធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ហើយវាមានគុណភាពខ្ពស់រស់ជាតិឆ្ងាញ់។ហេតុនេះ អូស្រ្តាលី ជឿជាក់ថា ពូជស្រូវ«ចំប៉ីស៧០» នឹងរួមចំណែកចូលអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយៈការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ចំប៉ីស៧០ គឺជាពូជស្រូវថ្មី កើតចេញពីពូជស្រូវដែលជាប់ចំណាត់ថ្នាក់លេខ១ ចំនួនប្រាំដងគឺពូជស្រូវផ្ការំដួល។ ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណអូស្រ្តាលី ដែលបានគាំទ្រលើការស្រាវជ្រាវពូជស្រូវនេះ ពិសេសលើការគាំទ្រវិស័យកសិកម្មនាពេលកន្លងមក។ តាមរយៈកិច្ចសហការនេះ ឯកឧត្តម ឌិត ទីណា ជឿជាក់ដែរថា វត្តមានពូជស្រូវថ្មីនេះ នឹងកាន់តែទទួលបានផ្លែផ្កា និងមានទីផ្សារកាន់តែខ្លាំង ហើយធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
ពាក់ព័ន្ធរឿងនេះដែរ លោកជំទាវ គីម ស្រីរ័ត្ន អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពូជស្រូវ«ចំប៉ីស៧០» ល្អត្រង់ថា ពូជស្រូវ«ចំប៉ីស៧០»មានការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ហេតុនេះលោកស្រីយល់ថា វានឹងមានសក្កានុពលអាចចូលទីផ្សារបាន។
លោកជំទាវបន្តដូច្នេះថា៖«យើងអាចផលិតពូជស្រូវ«ចំប៉ីស៧០»នេះ ពី ឬបីដងក្នុងមួយឆ្នាំ ហើយវាជាប្រភេទស្រូវក្រអូប ទទួលបានតម្លៃខ្ពស់ជាងស្រូវអង្ករសធម្មតា ហើយអង្ករចំប៉ីស៧០នេះ ក៏យើងអាចបំពេញទីផ្សារនៅប្រទេសអាស៊ានបានដែរ ដោយមិនចាំបាច់ទៅដណ្តើមទីផ្សាររបស់សែនក្រអូប ឬផ្ការំដួលទេ»។
គួរជម្រាបថា ក្រោមកិច្ចសហការរវាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យប្រើប្រាស់«ចំប៉ីស៧០» កាលពីខែមេសាកន្លងមកនេះ ហើយបានចែកចាយគ្រាប់ពូជស្រូវ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហករណ៍កសិកម្ម និងប្រជាកសិករ។

បន្ថែមពីនេះ ស្ថានទូតអូស្រ្តាលី បានអះអាងដែរថា «ចំប៉ីស៧០»គឺជាលទ្ធផលប្រកបដោយមោទនភាពនៃកិច្ចសហការរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហើយវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ហើយអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
គួររំឮកថា ពូជស្រូវ ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតដ៏សំខាន់រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី៕
អត្ថបទ៖បូរ ពេជ្រហ្សាលីន