កំចាត់បន្លាអួយយ៉ាសដែលកំពុងទន្រ្ទាន និងបង្កផលលំបាកនៅតំបន់រ៉ាមសារស្ទឹងសែន
(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា អង្គការរបស់ខ្លួនមួយនេះនឹងរួមគ្នាជាមួយភាគីពាក់ព័ន្ធបានចាប់ផ្តើមក្នុងការអនុវត្តគម្រោងកំចាត់ប្រភេទរុក្ខជាតិទន្ទ្រាននៅតំបន់រ៉ាមសារស្ទឹងសែន ក្នុងទឹកដីខេត្តកំពង់ធំ ។

អង្គការជីវិតធម្មជាតិ នៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣ថាបន្លាអួយយ៉ាស (Mimosa pigra)ឬហៅបន្លាយួន ជាប្រភេទពពួកទន្ទ្រានមានបន្លា ដែលមានដើមកំណើតក្នុងតំបន់ត្រូពិចខាងត្បូង និងទ្វីបអាមេរិចកណ្ដាល ហើយវាកំពុងរាតត្បាតក្នុងបណ្ដាប្រទេសជាច្រើនក្នុងតំបន់ត្រូពិច ។

បន្លាអួយយ៉ាសនេះអាចដុះលើប្រភេទដីមានជីវជាតិទាប ស្ទើរគ្រប់សណ្ឋានដី ដែលតែងដុះជាគុម្ព និងអាចមានកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយកំពុងមានវត្ដមានច្រើនតាមតំបន់ទំនាប តំបន់ដីសើម ដងប្រឡាយ ព្រែក និងបឹងបួរជាច្រើនទៀត ក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។ កំណើននៃពពួកទន្ទ្រានប្រភេទនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើជីវចម្រុះ ទីជម្រក និងជីវភាពប្រជាជនផងដែរ។ ជាក់ស្ដែង វត្ដមានបន្លាយួន ឬបន្លាអួយយ៉ាសធ្វើឲ្យប៉ះពាល់ដល់ទីជម្រកនិងសំបុកពងកូនរបស់មច្ឆជាតិ និងរំខានដល់ការរកចំណីប្រភេទសត្វស្លាបទឹកផងដែរ។

ក្នុងនេះតំបន់រ៉ាមសារស្ទឹងសែន ដែលជាតំបន់ស្នូល នៃតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ក៏កំពុងទទួលរងឥទ្ធិពល នៃការដុះរីករាលដាល នៃប្រភេទបន្លាយួន ឬ បន្លាអួយយ៉ាសនេះដែរ ។

នាពេលមិនយូរមកនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានអនុវត្ដគម្រោងសិក្សា សាកល្បងលើវិធីសាស្រ្ដកម្ចាត់បន្លាអួយយ៉ាសកាប់ពន្លិចទឹក ដែលជាវិធីសាស្រ្ដជោគជ័យមួយដែលបានធ្លាប់អនុវត្ដក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្ដតាកែវ។

គួរបញ្ជាក់ថា កាលពីដើម ខែកក្កដា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីផលប៉ះពាល់ និង វិធីសាស្រ្ដកំចាត់ពពួកទន្ទ្រាន ដោយមានការចូលរួមពីមន្រ្ដីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ប្រជាពលរដ្ឋក្នុងឃុំផាត់សណ្ដាយ និងក្រុមអេកូក្លឹបនៃអនុវិទ្យាល័យផាត់សណ្ដាយ។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមទាំងអស់នឹងចូលរួមអនុវត្ដវិធីសាស្រ្ដ និងអង្កេតតាមដាន នៅលើទំហំផ្ទៃដីចំនួន ៥០ ហិចតា នៅដើមខែសីហាខាងមុខនេះ នៅពេលទឹកចាប់ផ្ដើមឡើង៕
ដោយ៖ម៉ាដេប៉ូ