ប្រមុខដឹកនំាំអង្គការសហប្រជាជាតិសម្តែងការសោកស្តាយជាខ្លំាង ក្រោយសហរដ្ឋអាមេ៉រិក និង រុស្ស៊ីដកខ្លួនចេញជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស នៅថ្ងៃសុក្រនេះ បានបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅរបស់លោក ក្រោយសហរដ្ឋអាមេ៉រិកបានសម្រេចដកខ្លួនជាផ្លូវការ ចេញផុតពីសន្ធិសញ្ញាហាមប្រាមការរីកសាយអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមនីតិវិធីកាលពី០៦ខែមុន ។

ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏ចេញមុខទទូចឲ្យភាគីទាំងសងខាងជៀសវាងការបង្កសកម្មភាពគ្រោះថ្នាក់ទាំងឡាយ ក្រោយសន្ធិសញ្ញាដ៏សំខាន់នេះ រលាយសាបសូន្យទៅផងដែរ ។

សូមរំលឹកថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរការដកសហរដ្ឋអាមេ៉រិក ចេញពីសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា រុស្ស៊ីបានលួចអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអន្តរជាតិនេះ ។ ជាការឆ្លើយតប រុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ដោយលោក វ៉្លាឌីមៀ ពូទីន ក៏បានបញ្ជាឲ្យរុស្ស៊ីផ្អាកការគោរពកិច្ចព្រមព្រៀងនេះដូចគ្នា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner